ហេតុអ្វីបានជាកម្ពុជាគួរតែបង្កើតស្ថាប័នមួយស្រដៀងទៅនឹងក្រុមហ៊ុន TEMASEKរបស់សិង្ហបុរី?

0

ដោយៈ គង់ លាងហួរ

ភ្នំពេញ: ក្រុមហ៊ុនរដ្ឋសិង្ហបុរី TEMASEK ជាក្រុមហ៊ុនវិនិយោគសកលមួយ ដែលមានអាយុកាល៤៨ឆ្នាំមកហើយ ដោយក្រុមហ៊ុននេះ បានវិវិឌ្ឍន៍ទាំងប្រាក់ចំណេញ និងទ្រព្យសកម្មរបស់ខ្លួន និងមានបុគ្គលិកបម្រើការងារ រហូតដល់៩០០នាក់នៅឆ្នាំ២០២២។

ក្រុមហ៊ុនមួយនេះ មានទ្រព្យសកម្មរហូតដល់៤០៣ពាន់លានដុល្លារសិង្ហបុរី ដោយក្រុមហ៊ុនត្រូវបានបង្កើតឡើង ចាប់តាំងពីឆ្នាំ១៩៧៤មកម្ល៉េះ និងជាកម្មសិទ្ធិរបស់រដ្ឋាភិបាលសិង្ហបុរី។

ហេតុអ្វីបានជាកម្ពុជា គួរតែបង្កើតស្ថាប័នមួយដូចទៅនឹងក្រុមហ៊ុន TEMASEK នេះ?

លោកឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិននបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា មានហេតុផលជាច្រើន ដែលរដ្ឋាភិបាលកម្ពុជាគួរបង្កើតក្រុមហ៊ុនបែបនេះ ទី១ ទោះ​បីជាក្រុមហ៊ុននេះ គ្រប់គ្រងដោយរដ្ឋយ៉ាងណាក្តី ក៏ប៉ុន្តែក្រុមហ៊ុននៅតែបង់ពន្ធលើប្រាក់ចំណេញ។ ចំណែកបុគ្គលិកក៏បង់ពន្ធលើប្រាក់ខែចំណូលរបស់ពួកគេដល់រដ្ឋាភិបាល តាមរយៈពន្ធដារ ដោយសារតែរដ្ឋក៏វិនិយោគផងដែរ ដូចជា ការបង្កើតការងារសម្រាប់ប្រជាជន និងប្រែក្លាយអាជីវកម្មនេះ ទៅជាម៉ូដែលគម្រូទៅដល់ស្ថាប័នដទៃទៀតដែលប្រតិបត្តិការ ដែលមានន័យថារដ្ឋចាក់បញ្ចូលដើមទុន និងមានការជ្រើសរើសនាយកប្រតិបត្តិ ដោយការបោះឆ្នោត។

នាយកប្រតិបត្តិនោះ ត្រូវធ្វើយ៉ាងណាអោយស្ថាប័ននោះចំណេ​ញប្រាក់ច្រើន ដើម្បីបង់ពន្ធ ព្រមទាំងបង្កើតការងារកាន់តែច្រើនដល់ជាតិ។

ទី២: វាក៏ជួយអោយរដ្ឋាភិបាលធ្វើពិពិធកម្ម ប្រាក់ចំណូលរបស់រដ្ឋ ដោយមិនពឹងផ្អែកទាំងស្រុងទៅលើពន្ធដារ រឺក៏ចំណូលបានមកពីគយប៉ុណ្ណោះទេ ប៉ុន្តែរដ្ឋមានក្រុមហ៊ុនវិនិយោគ ដែលរដ្ឋខ្លួនឯងជាម្ចាស់ ហើយទ្រព្យសកម្ម នៅពេលដែលក្រុមហ៊ុនរីកចម្រើន ទ្រព្យសកម្មទាំងនោះជារបស់រដ្ឋ គ្រាន់តែស្ថិតក្រោមអង្គភាពមួយ ដែលជាក្រុមហ៊ុន។

លោកឡោ វិចិត្របានបន្តថា ដូច្នេះ ប្រសិនបើរដ្ឋាភិបាលកម្ពុជាបង្កើតបានក្រុមហ៊ុនមួយស្រដៀង នឹងក្រុមហ៊ុនTEMASEK វាក៏នឹងជំរុញអោយរដ្ឋ មានម៉ូដែលរកស៊ីកាន់តែប្រសើរជាងមុន ហើយនៅពេលដែលរដ្ឋាភិបាល វិនិយោគទៅលើវិស័យបច្ចេកវិទ្យា Startup រឺក្រុមហ៊ុនថ្មីៗដែលមានអនាគតល្អ នោះវានឹងជំរុញអោយរដ្ឋាភិបាលយល់ពីប្រព័ន្ធ និងការរកស៊ីជាងមុន និងជំរុញអោយមានការបង្កើតគោលនយោបាយនានា កាន់តែទាក់ទាញដល់ការវិនិយោគផងដែរ។

លោកបញ្ជាក់ថា “អ្វីដែលជាការចាំបាច់ ក្នុងការបង្កើតស្ថាប័នស្រដៀងទៅនឹងក្រុមហ៊ុនTEMASEKនោះ គឺប្រសិនបើរដ្ឋាភិបាលជោគ ជ័យ នៅក្នុងការធ្វើជំនួញតាមរយក្រុមហ៊ុននេះ វានឹងបង្កើននូវប្រសិទ្ធភាព គណនីភាពទៅតាមបណ្តាក្រសួងស្ថាប័ននីមួយៗ ព្រោះស្ថាប័នដែលទើបបង្កើតថ្មីនេះអាចពង្រីកខ្លួន ទៅជាស្ថាប័នមួយដែលអាចស្វែងរកប្រាក់ចំណេញបាន បង់ពន្ធនិងបង្កើយការងារដល់មន្ត្រីរាជការក្នុងស្ថាប័ននោះផងដែរ។

លោកឡោ វិចិត្របានបន្តថា ភាពជោគជ័យក្នុងការប្រតិបត្តិស្ថាប័ននេះ វានឹងជំរុញអោយស្ថាប័ននានា នៅក្នុងរដ្ឋាភិបាលផ្លាស់ប្តូរពីការធ្វើការបែបការិយាធិបតេយ្យ ឈានទៅរកការធ្វើការកាន់តែមានតម្លាភាព និងប្រសិទ្ធភាព ដោយសារតែយើងមើលឃើញថា ស្ថាប័នដែលជាកូនកាត់អនុវត្តន៍រូបមន្តបានជោគជ័យ ដូចបណ្តាប្រទេសជឿនលឿន ដែលមានប្រទេសសិង្ហបុរីជាម៉ូដែលគម្រូស្រាប់”។

ការដែលអាចបើកស្ថាប័ននេះ នោះវារឹតតែតម្រង់ទិសរបស់រាជ  រដ្ឋាភិបាល អោយកាន់តែមានភាពមុតស្រួច ពីរដ្ឋាភិបាលអាណាឡូកទៅជារដ្ឋាភិបាលឌីជីថល និងពីរដ្ឋាភិបាលឌីជីថលទៅជារដ្ឋាភិបាលE-Business៕

LEAVE A REPLY

Please enter your comment!
Please enter your name here