ដោយៈ គង់ ម៉ាលីនណា
ព្រះសីហនុៈ ជាដំណឹងរីករាយមួយ នៅថ្ងៃទី១៨ មិនាកន្លងមកនេះ រោងចក្រផលិតកង់រថយន្តធំមួយ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរបស់ខេត្តបានបើកដំណើរការជាផ្លូវការ។
រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី១៨ ខែមីនា ដាក់ឱ្យដំណើរការនៃការផលិតចេញសម្បកកង់ រថយន្តលើកដំបូងរបស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) ឯ.ក ដែលមានសមត្ថភាពផលិតសម្បកកង់តូច៥លានគ្រឿង និងសម្បកកង់ឡានធំ៩០ម៉ឺនគ្រឿងក្នុង ១ឆ្នាំ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអបអរសាទរ និងស្វាគមន៍ការដាក់ឱ្យដំណើរការ ការផលិតចេញសម្បកកង់រថយន្តលើកដំបូងរបស់ក្រុមហ៊ុននេះ នៅក្នុងខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
លោកថ្លែងថា “សូមថ្លែងអំណរគុណក្រុមហ៊ុន ជេនេរ៉ល ថាយអឺ ថេណូឡូជី (ខេមបូឌា) ជ្រើសរើសយកខេត្តព្រះសីហនុ ដើម្បីដាក់ទុនវិនិយោគអាជីវកម្ម ក្នុងការផលិតសម្បកកង់រថយន្ត ជាប្រភេទផលិតផលថ្មីមួយទៀត សម្រាប់ខេត្តព្រះសីហនុ និងជួយសម្រួលដល់វិនិយោគិន ដែលមកវិនិយោគនៅខេត្តព្រះសីហនុ ដោយលើកទឹកចិត្តដល់ការនាំសម្ភារៈ សាងសង់ចូលដោយឥតបង់ពន្ធ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការពារសន្តិសុខ សុវត្ថិភាពជូនដល់វិនិយោគិនបរទេសទាំងអស់”។
លោក Gu Cui ប្រធានក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក ថា ការផលិតចេញសម្បកកង់លើកដំបូង នាពេលនេះ បន្ទាប់ពីការសាងសង់រោងចក្រទី១ នៅក្នុងប្រទេសថៃរយ:ពេល ៣ឆ្នាំ។
លោកបន្តថា“យើងបានសាងសង់ក្រុមហ៊ុនទី២ នៅកម្ពុជា (ខេត្តព្រះសីហនុ)។ ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក ជាក្រុមហ៊ុនសម្បកកង់ឈានមុខគេមួយ នៅប្រទេសចិន”។

លោកGu Cuiបានបន្តថា ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបន្តពន្លឿនការធ្វើឱ្យប្រសើរ នូវឧស្សាហកម្មអន្តរជាតិ ឧស្សាហកម្មឆ្លាតវៃ និងឧស្សាហកម្មបៃតង។ យើងជាក្រុមហ៊ុនដំបូងគេ ក្នុងខេត្តជាំងស៊ូ ដែលវិនិយោគជាង១០០លានដុល្លារ។
លោក Gu Cui ថ្លែងថា នៅកម្ពុជា ក្រុមហ៊ុនបានដាក់ទុនវិនិយោគ៣០០លានដុល្លារ ដែលគ្របដណ្តប់លើផ្ទៃដី១៨ ម៉ឺនម៉ែត្រការ៉េ មានសមត្ថភាពផលិត សម្បកកង់ក្នុង១ឆ្នាំ គឺសម្បកកង់តូច៥លានគ្រឿង និងសម្បកកង់ឡានធំ៩០ម៉ឺនគ្រឿង នាំចេញជាចម្បងទៅកាន់សហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រទេសប្រេស៊ីល និងប្រទេសផ្សេងទៀត។
រោងចក្រផលិតសម្បកកង់រថយន្តនេះ បានចាប់ផ្តើមសាងសង់កាលពីខែកុម្ភៈ ឆ្នាំ២០២២ ដោយមានគោលដៅបង្កើត ក្រុមហ៊ុនឆ្លាតវៃ ស្វ័យប្រវត្តិ និងព័ត៌មានដោយប្រើប្រាស់ឧបករណ៍ លំដាប់ពិភពលោក និងបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា៕







