សម្ដេចតេជោៈ កំណែទម្រង់សេដ្ឋកិច្ចកម្ពុជាបានចាប់ផ្ដើម ពីកែទម្រង់ដីធ្លី

0

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ថ្លែងនៅក្នុងពិធីប្រកាសដាក់កម្មឲ្កយអនុវត្តន៍ វិធីកែទម្រ​ង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤(២០២៣-២០២៧) សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា កំណែទម្រង់សេដ្ឋកិច្ចរបស់កម្ពុជា គឺបានចាប់ផ្ដើមពីកំណែទម្រង់ដីធ្លី។

សម្ដេចតេជោមានប្រសាសន៍ ក្នុងពិធីដែលបានប្រារពធ្វើនាព្រឹក​ថ្ងៃទី២០ មិនានេះថា វាមិនមែនជារឿងងាយស្រួលទេ ហើយសម្ដេចបានបញ្ជាក់ថា នៅក្នុងរបបប៉ុលពត ដីធ្លីទាំងអស់ត្រូវបានរឹបអូសដាក់ទៅជាសម្បត្តិរដ្ឋ ក្រោយរបបប្រល័យពូជសាសន៍ដួលរលំ យើងគ្មានជំរើសអ្វី ក្រៅពីអនុវត្តនូវកិច្ចការទាំងឡាយ ដើម្បីសង្គ្រោះជីវិតប្រជាជនឱ្យរស់សិន ហើយនៅពេលនោះ គ្រួសារខ្លះ២០គ្រួសារមានគោតែមួយនឹម ហើយតើយើងត្រូវធ្វើដូចម្ដេចដើម្បីរស់។

សម្ដេចបន្តថា “អ្នកទាំងអស់គ្នាបានឃើញ ទីក្រុងភ្នំពេញសព្វថ្ងៃនេះគឺពោរពេញទៅដោយរថយន្ត ក៏ប៉ុន្តែទីក្រុងភ្នំពេញ កាលពី៤៤ឆ្នាំមុនគឺគ្មានមនុស្សរស់នៅទេ”។ សម្តេចបន្តថា “ដូច្នេះកិច្ចការរបស់យើង ត្រូវធ្វើឯកជនូបនីយកម្ម ដោយជំរុញលើការងារនេះ ហើយតើមនុស្សប៉ុន្មាននាក់ទៅដែលយល់អំពីបញ្ហាសេដ្ឋកិច្ច”។

សម្ដេចតេជោបន្ថែមថា នៅពេលដាក់ចេញកម្មវិធីកំណែទម្រង់ មានកំលាំងសង្កត់បីមកលើសម្ដេច គឺទី១ តើជាអ្វីដែលធ្វើឱ្យសម្ដេចលំបាក គឺផ្ទៃក្នុងខ្លួនឯងអត់យល់ពីអ្វី ដែលទៅជាកំណែទម្រង់នយោ​បាយ អ្វីទៅជាការចរចា អ្វីទៅជាសេដ្ឋកិច្ចឯកជន បើនៅក្នុងមនុស្សរបស់យើង គឺនិយាយតែពីរឿងច្បាំង។ នៅពេលនិយាយពីសេដ្ឋកិច្ចពួកគេស្អប់ ពីសេដ្ឋកិច្ចឯកជន។

កំលាំងសង្កត់ទី២ គឺកងទ័ពវៀតណាមនៅកម្ពុជា នៅពេលនោះ មិនតិចជាង១០ម៉ឺននាក់ទេ ក្នុងពេលដែលសម្ដេចចាប់ផ្ដើមធ្វើកំណែទម្រង់ ខណៈវៀតណាម មិនព្រមធ្វើកែទម្រង់អ្វីទាំងអស់ នៅក្នុងវៀតណាម ដោយធ្វើជាសហករ ធ្វើរួមចែកចាយផលគ្នា។

សម្តេចបន្តថា “ប៉ុន្តែជាភ័ព្ទសំណាង វៀតណាមចូលមកកម្ពុជាគឺមកត្រឹមតែជួយផ្ដួលរំលំរបបប៉ុលពតប៉ុណ្ណោះ   ដោយផ្ដល់ឱ្យកម្ពុជាធ្វើកិច្ចការដោយខ្លួនឯង ទាក់ទងនឹងសេដ្ឋកិច្ចនិងសង្គម”។

សម្ដេចបន្ថែមទៀតថា កំលាំងសង្កត់ទី៣ គឺនៅពេលនោះ កម្ពុជាទទួលទណ្ឌកម្មពីប្រទេសនានា លើកលែងតែសូវៀត និងក្រុមប្រទេ​សសង្គមនិយមខាងកើតប៉ុណ្ណោះ ដែលផ្ដល់ជំនួយដល់កម្ពុជា ជាមួយសាធារណរដ្ឋឥណ្ឌា ហើយប្រទេសទាំងនោះ ក៏បានយល់ព្រមឱ្យកម្ពុជាធ្វើកំណែទម្រង់រហូតមកដល់សព្វថ្ងៃនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here