ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមហ៊ុនវិនិយោគអន្តរជាតិឈានមុខគេ Haystack Global ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានប្រកាសទិញភាគហ៊ុន១៨ភាគរយបន្ថែមទៀត នៅក្នុងក្រុមហ៊ុនCamboticket ដែលជាវេទិកាកក់ការធ្វើដំណើរ តាមអ៊ីនធឺណិតដ៏លេចធ្លោមួយ នៅក្នុងប្រទេសកម្ពុជា។
ជាមួយនឹងការទិញភាគហ៊ុនថ្មីចុងក្រោយនេះ ក្រុមហ៊ុន Haystack Global ឥឡូវនេះកាន់កាប់ភាគហ៊ុន៧០ភាគរយ នៅក្នុងក្រុមហ៊ុនCamboticket ដោយគូសបញ្ជាក់បន្ថែម ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការពង្រីកវត្តមានរបស់ខ្លួន នៅក្នុងទីផ្សារតំបន់អាស៊ីអាគ្នេយ៍។
ភាគហ៊ុនចំនួន៣០ភាគរយ ដែលនៅសល់នៅក្នុងក្រុមហ៊ុន Camboticket ត្រូវបានកាន់កាប់ដោយក្រុមហ៊ុន Royal Group of Cambodia ដែលជាក្រុមហ៊ុនដ៏លេចធ្លោមួយនៅកម្ពុជា ដោយមានផលប្រយោជន៍ក្នុងវិស័យផ្សេងៗរួមមាន ធនាគារ ទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ អចលនទ្រព្យ និងបដិសណ្ឋារកិច្ច។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Haystack Global ។
ក្រុមហ៊ុនគេហទំព័រCamboticket.com ដែលបង្កើតឡើងកាលពីប្រាំបីឆ្នាំមុន គឺជាតួអង្គដ៏សំខាន់មួយ នៅក្នុងឧស្សាហកម្មទេសចរណ៍របស់កម្ពុជា។ កម្មវិធីនេះផ្តល់ជូនអតិថិជន នូវវេទិកាអនឡាញដែលងាយស្រួលប្រើ ដើម្បីកក់ឡានក្រុង ជិះកាណូត និងសេវាតាក់ស៊ីឯកជនទូទាំងប្រទេស។

ដោយផ្តោតលើការសម្រួលការធ្វើដំណើរ និងការលើកកម្ពស់ទេសចរណ៍ ប្រកបដោយនិរន្តរភាព Camboticket បានបង្កើតមូលដ្ឋានអតិថិជនដ៏ស្មោះត្រង់ ក្នុងរយៈពេល៨ឆ្នាំកន្លងមកនេះ ហើយបានមើលឃើញពីកំណើនជាបន្តបន្ទាប់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ការទិញយកភាគហ៊ុន ជាលក្ខណៈយុទ្ធសាស្ត្រនេះ ដោយក្រុមហ៊ុនHaystack Global មានគោលបំណងគាំទ្រ ដល់ការបន្តរីកចម្រើនរបស់Camboticket ទាញយកប្រយោជន៍ពីភាពជោគជ័យរបស់វេទិកានេះ និងបង្កើនការសហការគ្នារវាងក្រុមហ៊ុនទាំងពីរ។
ការបង្កើនការវិនិយោគនឹងអាចនាំឱ្យ Camboticket ពង្រីកសេវាកម្មរបស់ខ្លួន ពង្រឹងបច្ចេកវិទ្យា និងពង្រឹងទីតាំងទីផ្សាររបស់ខ្លួននៅក្នុងឧស្សាហកម្មទេសចរណ៍អនឡាញ ដែលមានការប្រកួតប្រជែង៕







