ភ្នំពេញ និងខេត្តកណ្ដាល ទទួលបានគម្រោងវិនិយោគ៣បន្ថែមមានទឹកប្រាក់ជាង២០លានដុល្លារ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី ២០ មីនា ២០២៣ នេះបានបង្ហាញពីគម្រោងចំនួន៣បន្ថែមទៀត ដែលត្រូវបានអនុម័តចុះបញ្ជីវិនិយោគជាផ្លូវការនៅក្នុងខេត្តកណ្ដាលនិងរាជធានីភ្នំពេញ ដោយគម្រោងវិនិយោគទាំងនេះមានទឹកប្រាក់វិនិយោគសរុបប្រមាណ២០លានដុល្លារអាមេរិក ។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថាគម្រោងវិនិយោគទាំងបីនោះរួមមាន ៖

១- គម្រោងបង្កើតរោងចក្រផលិតឆ័ត្រ អាវភ្លៀង វាំងនន កន្សែងតុបាយ និងផ្សេងៗទៀត មានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៤១កន្លែង។

២-គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង មានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣១៨កន្លែង។

៣- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៩៥កន្លែង ។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញផងដែរថា ក្នុងឆ្នាំ ២០២៣នេះ មានគម្រោងវិនិយោគជាច្រើនហើយបានអនុម័តឱ្យចុះបញ្ជីវិនិយោគជាផ្លូវនៅតាមបណ្ដាខេត្ត និងរាជធានី ភ្នំពេញប៉ុន្តែក្នុងនោះឃើញថាខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគច្រើនជាងគេ ក្រៅពីនោះរួមមានខេត្តកណ្ដាល ស្វាយរៀង តាកែវ ព្រះសីហនុ និងខេត្តសក្ដានុពលមួយចំនួនទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here