ដោយៈ វឌ្ឍនៈ
បន្ទាយមានជ័យៈ អគាររដ្ឋបាលច្រកទ្វារអន្តរជាតិស្ទឹងបត់ បានណងអៀន នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយ ជាច្រកទ្វារថ្មីមួយសម្រាប់ការនាំចេញចូលរវាងកម្ពុជានិងថៃ ហើយមកដល់ខែមីនា ២០២៣នេះ គម្រោងសាងសង់បានសម្រេចប្រមាណ៨២ភាគរយ ។
នេះបើតាមប្រសាសន៍របស់លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាននៅក្នុងពេលចុះពិនិត្យវឌ្ឍនភាព ការងារសាងសង់អគាររដ្ឋបាល ច្រកទ្វារអន្តរជាតិស្ទឹងបត់ ណងអៀន នៅរសៀលថ្ងៃទី២០ មីនា ២០២៣លោកស៊ុន ចាន់ថុលបានមានប្រសាសន៍ថា គិតមកដល់ខែមីនា២០២៣នេះ ក្រុមហ៊ុនសាងសង់ សម្រេចបានការងារ៨២ភាគរយ។ ហើយបើតាមការគ្រោងទុក ក្រុមហ៊ុនថានឹងបញ្ចប់នៅខែឧសភា ២០២៣ខាងមុខនេះ ។ យ៉ាងណាក្ដីតាមរយៈការពិនិត្យផ្ទាល់ភ្នែក ការងារសាងសង់ប្រហែលជាមិនអាចបញ្ចប់បានទេ ។

លោកបន្តថា “ថ្វីត្បិតតែការរងារសាងសង់ សម្រេចបាន៨២ភាគរយក៏ពិតមែន តែលុយដែលគេបង់ជូន ទៅក្រុមហ៊ុនគឺបានតែជាង៤០ភាគរយប៉ុណ្ណោះ”។ លោកបន្តថា “ដូច្នេះក្រុមហ៊ុនក៏ខ្វះខាតថវិកាសម្រាប់ទិញសម្ភារៈ ។ ប៉ុន្តែបើសិនជាពេលនេះ ក្រុមហ៊ុនមានលុយគ្រប់គ្រាន់សម្រាប់ទិញសម្ភារៈ ក៏យើងមិនជឿថា នៅខែឧសភាការងារសាងសង់រួចរាល់ដែរ”។
ដូច្នេះហើយត្រូវមានការជជែកគ្នា ដើម្បីពន្យារពេលសាងសង់បន្តទៀតហើយ ខណៈពីមុនបានពន្យារពេលពីរ លើកមកហើយ ដោយលើកទី១ បានពន្យារជាង១៦០ថ្ងៃ លើកទី២ពន្យារ១០០ថ្ងៃបន្ថែមទៀត ហើយពេលនេះលឺថា ក្រុមហ៊ុនសុំពន្យារបីបួនខែបន្ថែមទៀតហើយ។

លោកស៊ុន ចាន់ថុលបានបន្ថែមថា យើងនឹងផ្ដល់ពេលវេលាសម្រាប់ក្រុមហ៊ុនពន្យារពេលបន្ថែមទៀត ប៉ុន្តែយើងរង់ចាំមើលដល់ខែឧសភាសិន ថាតើនៅខែឧសភា ក្រុមហ៊ុនធ្វើបានប៉ុន្មានភាគរយ ដើម្បីឱ្យក្រសួងឯកភាព គួរតែផ្ដល់ពេលប៉ុន្មានទៀត ដើម្បីផ្ដល់ជូនគាត់ ។
លោកបញ្ជាក់ថា ការសាងសង់ស្ពាន និងច្រកទ្វារស្ទឹងបត់បានណងអៀន ដើម្បីបញ្ចៀសការកកស្ទះ នៅច្រកប៉ោយប៉ែត សម្រាប់ការដឹកជញ្ជូន ដើម្បីទុកឱ្យច្រកទ្វារប៉ោយប៉ែត សម្រាប់ភ្ញៀវទេសចរចេញនិងចូលវិញ ។ ពេលនេះ ច្រកទ្វារស្ទឹងបត់បានណងអៀន ចាប់ផ្ដើមមានឡានចេញចូលបណ្ដើរៗហើយ ក្រោយពីមានការឆេះអគារសណ្ឋាគារ និងកាស៊ីនៅប៉ោយប៉ែត៕







