ដោយៈ សុខុម
ហុងកុង: ក្រុមហ៊ុនផលិតរងថយន្ត China Evergrande New Energy Vehicle Group Ltd បានព្រមាននៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា នេះថា ខ្លួនប្រហែលជាត្រូវផ្អាកការផលិត រថយន្តអគ្គិសនី (EV) ប្រសិនបើខ្លួនមិនអាចទទួលបានហិរញ្ញប្បទានថ្មី បន្ទាប់ពីចែកចាយរថយន្តម៉ូដែលប្រណីត Hengchi5 របស់ខ្លួនបានជាង៩០០គ្រឿង។

បុត្រសម្ព័ន្ធនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន China Evergrande Group ដែលជាប់បំណុលរហូតដល់៣០០ពាន់លានដុល្លារអាមេរិក ខាងលើនេះនិយាយថា ខ្លួនមានគោលបំណងកាត់បន្ថយការចំណាយ តាមរយៈវិធានការដូចជា ការកាត់បន្ថយចំនួនបុគ្គលិក និងការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងជាដើម។
ក្រុមហ៊ុននេះព្រមានថា “ដោយសារគ្មានលទ្ធភាពទទួលបានសាច់ប្រាក់បន្ថែម ក្រុមហ៊ុនប្រឈមហានិភ័យបញ្ឈប់ការផលិត”។
ក្រុមហ៊ុននេះ បានចេញសេចក្តីថ្លែងការណ៍ថា ប្រសិនបើខ្លួនអាចទទួលបានហិរញ្ញប្បទាន ប្រមាណ៤,២ពាន់លានដុល្លារអាមេរិក “នៅពេលអនាគត” ខ្លួនមានគោលបំណងបញ្ចេញ ម៉ូឌែលរថយន្តប្រណីតមួយចំនួនទៀត ហើយសង្ឃឹមថា នឹងចាប់ផ្ដើមការផលិតទ្រង់ទ្រាយធំ។
ដំណឹងនេះកើតឡើង បន្ទាប់ពីក្រុមហ៊ុនមេរបស់ខ្លួន China Evergrande Group កាលពីថ្ងៃពុធ ទី២២ ខែមីនា បានប្រកាសផែនការរៀបចំឡើងវិញ នូវបំណុលនៅក្រៅប្រទេសរបស់ខ្លួនចំនួន២២,៧ពាន់លានដុល្លារអាមេរិក ដែលអាចបង្កើតគំរូសម្រាប់បណ្ដាគូប្រជែងដែលមានបញ្ហាស្រសៀងគ្នា នៅក្នុងវិស័យអចលនទ្រព្យនៃប្រទេសចិន។
ក្រុមហ៊ុនបុត្រសម្ព័ន្ធនេះបាននិយាយមុននេះថា ខ្លួននឹងចាប់ផ្តើមការផលិតកម្មរថយន្តEV ម៉ូឌែលទី២ របស់ខ្លួនទ្រង់ទ្រាយធំនៅក្នុងឆមាសទី១ ដើមឆ្នាំ២០២៣ និងម៉ូឌែលទី៣ នៅឆមាសទី២ ឆ្នាំនេះ៕ Reuters៕







