ភ្នំពេញ ៖ ក្រោយពីស្ថានភាពនៃវិបត្តិកូវីដ១៩បានធូរស្រាលទាំងកម្ពុជា និងនៅប្រទេសចិន ភាគីទាំងពីរបានជំរុញឱ្យមានការនូវការវិនិយោគ ពាណិជ្ជកម្មនិង ទេសចរណ៍ឡើងវិញ ជាក់ស្ដែងនៅថ្ងៃទី ២៣ មីនា ២០២៣នេះ តំណាងកម្ពុជា និងចិន បានជួបជជែកពិភាក្សាពីកិច្ចសហប្រតិបត្តិការវិនិយោគដោយផ្ដោតលើវិស័យអាទិភាពចំនួនចំនួន ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា អគ្គលេខធិការរងនៃគណៈកម្មការវិនិយោគកម្ពុជា បានទទួលជួបជាមួយគណៈប្រតិភូនៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងពិភាក្សាអំពីការងារសំខាន់ៗជាច្រើនទាក់ទិននិងការវិនិយោគ ក្នុងនោះរួមមាន ការពិភាក្សាទៅលើកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតនិងការវិនិយោគ ដោយផ្តោតលើវិស័យអាទិភាពមួយចំនួន រាប់បញ្ចូលប៉ុន្តែមិនកម្រិតត្រឹមវិស័យកសិកម្ម និងកសិឧស្សាហកម្ម, យានយន្តអគ្គិសនី និងអេឡិចត្រូនិក ។ ក្រៅពីនេះក៏មានពិភាក្សាទៅលើកិច្ចសហប្រតិបត្តិការស្ដីពី “របៀងអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា” និង “របៀងកសិកម្មកម្ពុជា” និង កិច្ចសហប្រតិបត្តិការផ្លូវដែកកម្ពុជា-ចិន ។

លោកជា វុទ្ធី អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍បានអបអរសាទរ បានគូសបញ្ជាក់ពីខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ក្នុងឆ្នាំ ២០២៣ ជាពិសេសទំនាក់ទំនងទ្វេភាគីដែលប្រទេសទាំងពីរបានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការថ្មីដែលមានឈ្មោះថា “ត្បូងពេជ្រ” បន្ទាប់ពីជំនួបរវាង សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកប្រធានាធិបតី Xi Jinping កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង។
លោកបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតនិងការវិនិយោគកម្ពុជា-ចិន នឹងមានពន្លឺកាន់តែភ្លឺថ្លាប្រៀបដូចទៅនឹងត្បូងពេជ្រដែលបានកែច្នៃនិងដុសខាត់រាល់ថ្ងៃ ។
លោកចង់ឃើញកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតនិងការវិនិយោគកម្ពុជានេះ ក្លាយជាកម្លាំងចលកររុញច្រានការអភិវឌ្ឍរបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងរបៀងកសិកម្មនិងមច្ឆា របស់កម្ពុជា ឱ្យសម្រេចបាននូវសមិទ្ធភាពប្រកបដោយផ្លែផ្កា រួមចំណែកដល់ការតភ្ជាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង ជាពិសេសតភ្ជាប់ឆ្នាំងបាយកម្ពុជា ជាមួយឆ្នាំងបាយចិននិងឆ្នាំងបាយពិភពលោក ។
លោកសន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថា ឆ្នាំ២០២៣នេះ កម្ពុជារំពឹងថានឹងទទួលបានការវិនិយោគពីប្រទេសចិនឡើងវិញ ក្នុងនោះដែរក៏រំពឹងថាគម្រោងដែលជាប់គាំងនៅក្រុងព្រះសីហនុអាចនឹងបន្តដំណើរការឡើងវិញផងដែរ៕






