ដោយ: គង់ លាងហួរ
ប៉េកាំង: នាយករដ្ឋមន្ត្រីចិនលោក Li Qiang ត្រូវបានដកស្រង់សម្តីដោយវិទ្យុរដ្ឋកាលពីថ្ងៃពុធថា ប្រទេសចិននឹងពង្រឹងគោលការណ៍ណែនាំរបស់ខ្លួន ដើម្បីគាំទ្រដល់ការផលិតកម្រិតខ្ពស់។
ប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកមួយនេះកំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើងពីសហរដ្ឋអាមេរិក ដែលបានលើកឡើងពីសន្តិសុខជាតិក្នុងការរឹតបន្តឹងការចូលប្រើឧបករណ៍អេឡិចត្រូនិកចិន និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
លោក Li បានបន្តថា “នៅពេលដែលស្ថានភាពក្នុងប្រទេស និងក្រៅប្រទេសឆ្លងកាត់ការផ្លាស់ប្តូរដ៏ស្មុគស្មាញ និងយ៉ាងជ្រាលជ្រៅ ការអភិវឌ្ឍន៍នៃឧស្សាហកម្មផលិតកម្មរបស់ប្រទេសចិនកំពុងប្រឈមមុខនឹងចំណុចសំខាន់មួយ ហើយកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងឧស្សាហកម្មត្រូវតែកើនឡើង”។

លោក Li បានអះអាងថា “ប្រទេសចិននឹងបង្កើតបរិយាកាសធុរកិច្ចដែលផ្តោតលើទីផ្សារ ស្របច្បាប់ និងអន្តរជាតិ និងពង្រឹងគោលការណ៍ណែនាំ ដើម្បីគាំទ្រដល់ការផលិតកម្រិតខ្ពស់”។
យោងតាមរបាយការណ៍មួយរបស់រដ្ឋាភិបាលក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំឆ្នាំរបស់សភាក្នុងខែមីនានេះបានឱ្យដឹងថា គោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសចិន គួរតែមានគោលបំណងកសាងភាពរុឹងមាំ និងការពឹងផ្អែកលើខ្លួនឯង។

លោក Li Qiang បានអញ្ជើញទៅទស្សនាខេត្ត Hunan ភាគខាងត្បូងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមីនា និងចូលរួមវេទិកាស្តីពីការអភិវឌ្ឍន៍ផលិតកម្មកម្រិតខ្ពស់ ហើយលោក Li ក៏បានទៅទស្សនាក្រុមហ៊ុននានាដូចជាក្រុមហ៊ុន CRRC ក្រុមហ៊ុន BYD និងក្រុមហ៊ុន Lens Technology ផងដែរ៕







