ប្រទេសចិន គ្រោងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 6G ដំណាក់កាលដំបូងនៅត្រឹមឆ្នាំ២០២៥

0

សុខុម

ប៉េកាំង: China Unicom ដែលជាក្រុមហ៊ុនប្រតិបត្តិករបណ្ដាញទូរគមនាគមន៍ធំបំផុតទី៣ នៅប្រទេសចិន រំពឹងថានឹងបញ្ចប់ការស្រាវជ្រាវផ្នែកបច្ចេកទេស និងចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 6G ដំណាក់កាលដំបូងនៅត្រឹមឆ្នាំ២០២៥ ដោយរំពឹងថានឹងចាប់ផ្ដើមផ្ដល់សេវាពាណិញ្ជម្មនៅត្រឹមឆ្នាំ២០៣០។

គម្រោងពេលវេលា (Timeline) នេះត្រូវបានត្រដាងដោយលោក Liu Liehong វ័យ៥៥ឆ្នាំដែលជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន China Unicom នៅខាងក្រៅវេទិកាអភិវឌ្ឍន៍ចិន (CDF) ជាសន្និសីទរយៈពេល២ថ្ងៃដែលបានបើកកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅដែលគេមើលឃើញថាជាការឆ្លើយតបរបស់ទីក្រុងប៉េកាំង ទៅនឹងកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅក្នុងទីក្រុង Davos ប្រទេសស្វីស។

លោក Liu Liehong បានលើកឡើងថា ការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 6G ដំណាក់កាលដំបូងនឹងធ្វើឡើងនៅត្រឹមឆ្នាំ២០២៥ នៅក្នុងប្រទេសចិន ដែលមានចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតច្រើនបំផុត និងជាទីផ្សារស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោក ដែលបាននិងកំពុងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យានេះតាំងពីឆ្នាំ២០១៩។

លោកបានគូសបញ្ជាក់ថា តាមការរំពឹងទុក ការចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 6G ទ្រង់ទ្រាយពាណិជ្ជកម្មនឹងចាប់ផ្ដើមនៅត្រឹមឆ្នាំ២០៣០។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក National Business Daily។

នៅក្នុងព្រឹត្តិការណ៍ដដែលនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន លោក Jin Zhuanglong បានថ្លែងថា ប្រទេសចិន កំពុងឈានមុខគេនៅក្នុងការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា 6G នៅទូទាំងពិភពលោក។

លោកបានបន្ថែមទៀតថា ប្រទេសចិន កំពុងឈានទៅមុខរួចហើយនៅក្នុងការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here