ចំនួនមហាសេដ្ឋីចិនធ្លាក់ចុះ២២៩នាក់ ខណៈផ្សារហ៊ុននិងតម្លៃប្រាក់យ័នដាំក្បាលចុះ

0

ដោយ: គង់ លាងហួរ
ប៉េកាំង: ប្រទេសចិនបានបាត់បង់មហាសេដ្ឋីចំនួន២២៩នាក់នៅក្នុងឆ្នាំ២០២២ ដោយសារសេដ្ឋកិច្ចធ្លាក់ចុះ ភាគហ៊ុនដាំក្បាលចុះ និងការធ្លាក់ចុះនៃប្រាក់យ័នបានប៉ះពាល់ដល់ពួកមហាសេដ្ឋីរបស់ប្រទេសនេះ។ នេះបើយោងតាមបញ្ជីថ្មីដែលបានចេញផ្សាយដោយ Hurun Report ។

មហាសេដ្ឋីចិនគ្របដណ្តប់ជាងពាក់កណ្តាលនៃមនុស្សចំនួន៤៤៥នាក់នៅទូទាំងពិភពលោក ដែលបានបាត់បង់ឋានៈជាមហាសេដ្ឋីប្រាក់ដុល្លារអាមេរិក ហើយបានធ្លាក់ចេញពីបញ្ជីអ្នកមានសកល Hurun ។ ចំនួននេះតំណាងឱ្យការធ្លាក់ចុះដ៏ធំបំផុតនៅក្នុងមហាសេដ្ឋីចិន ចាប់តាំងពីបញ្ជីនេះត្រូវបានចេញផ្សាយជាលើកដំបូងនៅក្នុងឆ្នាំ២០១៣។

ប្រទេសចិនក៏បានបន្ថែមចំនួនមហាសេដ្ឋីថ្មីច្រើនជាងគេទៅក្នុងបញ្ជីផងដែរ ដែលផ្អែកលើទ្រព្យសម្បត្តិសុទ្ធគិតត្រឹមថ្ងៃទី១៦ ខែមករា ដោយមាន៦៩នាក់។

លោក Rupert Hoogewerf ប្រធានអ្នកស្រាវជ្រាវ Hurun បានអះអាងថា “ការដំឡើងអត្រាការប្រាក់ ការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក និងឥទ្ធិពលបន្តនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បានរួមបញ្ចូលគ្នាធ្វើឱ្យប៉ះពាល់ដល់ទីផ្សារភាគហ៊ុន”។

លោក Zhong Shanshan អាយុ៦៩ឆ្នាំ ស្ថាបនិកយីហោទឹកសុទ្ធដប Nongfu Spring បានរក្សាតំណែងរបស់លោកជាអ្នកមានបំផុតរបស់ប្រទេសចិនជាមួយនឹងទ្រព្យសម្បត្តិចំនួន៦៩ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ លោក Zhong Shanshan គឺជាអ្នកមានបំផុតទី១៥របស់ពិភពលោក។

ស្ថាបនិកក្រុមហ៊ុន Tencent លោក Pony Ma អាយុ៥២ឆ្នាំ ស្ថិតនៅលំដាប់ទីពីរក្នុងចំណោមមហាសេដ្ឋីចិន ទោះជាលោកបាត់បង់២៥ភាគរយនៃទ្រព្យសម្បត្តិសុទ្ធទៅសល់៣៩ពាន់លានដុល្លារយ៉ាងណាក្តី។ លោកគឺជាអ្នកមានបំផុតទី៣១នៅទូទាំងពិភពលោក។

ស្ថាបនិកក្រុមហ៊ុន ByteDance លោក Zhang Yiming អាយុ៤០ឆ្នាំបានធ្លាក់ចុះទៅចំណាត់ថ្នាក់លេខ៣ ខណៈដែលទ្រព្យសម្បត្តិរបស់លោកបានធ្លាក់ចុះ៣១ភាគរយដល់៣៧ពាន់លានដុល្លារ។

លោក Jack Ma ស្ថាបនិកក្រុមហ៊ុន Alibaba បានធ្លាក់ចុះពីចំណាត់ថ្នាក់លេខ៥ មកលេខ៩ ក្នុងចំណោមមហាសេដ្ឋីចិន ដោយទ្រព្យសម្បត្តិសុទ្ធរបស់លោកធ្លាក់ចុះ៣២ភាគរយមកនៅត្រឹម២៥ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងចំណាត់ថ្នាក់ទី៥២នៅទូទាំងពិភពលោក។

ចំណែក លោក Li Ka-shing នៅតែជាមហាសេដ្ឋីមានបំផុតទី១នៅទីក្រុងហុងកុង និងជាអ្នកមានបំផុតទី៣៩នៅលើពិភពលោក ខណៈដែលទ្រព្យសម្បត្តិរបស់លោកបានធ្លាក់ចុះ៦ភាគរយមកនៅត្រឹម៣១ពាន់លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here