ពាក្យ​ចចាមអារ៉ាម៖ រដ្ឋាភិបាល​គ្រោង​បង្កើត​ខ័​ណ្ឌ​ចំនួន៣ទៀត​នៅ​ក្រុងភ្នំពេញ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ យោងតាម​ប្រភព​ស្និទ្ធ​នឹង​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា ក្រសួងមហាផ្ទៃ​បានដាក់​សំណើសុំ​បង្កើត​ខ័​ណ្ឌ​ចំនួន ៣បន្ថែមទៀត នៅ​រាជធានី​ភ្នំពេញ ទៅ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ប្រភពពី​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​លក្ខ​ខ័​ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពីដើម​សប្តាហ៍​នេះ​ថា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានដាក់​សំណើ​លើ​គម្រោង​ពង្រីក​ខ័​ណ្ឌ​ទាំងបី​នេះ ទៅ​ប្រមុខ​រដ្ឋាភិបាល​រួចហើយ ប៉ុន្តែ​មិនទាន់​ដឹងថា​សម្តេច​នឹង​យល់ព្រម ឬ​យ៉ាងណា​ឡើយ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ខ័​ណ្ឌ​ចំនួន​បី​នោះ​រួមមាន ខ័​ណ្ឌ​បឹង​កេងកង ដោយ​បំបែក​ចេញពី​ខ័​ណ្ឌ​ចំការមន ខ័​ណ្ឌ​កំបូល​ដោយ​បំបែក​ចេញពី​ខ័​ណ្ឌ​ព្រែក​ព្នៅ និង​ខ័​ណ្ឌ​សែន​សុខ និង​ខ័​ណ្ឌ​មួយទៀត​មិនទាន់​បញ្ចេញ​នៅឡើយ។ ទោះជា​យ៉ាងណា​គំរោង​ពង្រីក​ខ័​ណ្ឌ​នេះ​មិនដឹង​មានការ​សម្រេច​បែបណា​នៅឡើយ​ទេ។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​បារាំង​កាលពី​ចុងឆ្នាំ​មុន លោក ឃួ​ង ស្រេង​អភិបាល​ក្រុងភ្នំពេញ បាន​ស្នើសុំ​អ្នកជំនាញ​បារាំង​ជួយ​សិក្សា​ល​ទ្ឋ​ភាព ពង្រីក​ទីក្រុង​ភ្នំពេញ​បន្ថែមទៀត​នាពេល​ខាងមុខនេះ។

រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​មាន​ខ័​ណ្ឌ​ចំនួន១២រួចហើយ និង​មាន​ផ្ទៃក្រឡា៦៧៨គីឡូម៉ែត្រ​ក្រឡា។

ទោះជា​យ៉ាងណា​លោក មាស ម៉េ​ត​ភ័​ក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី១៦ មករា​នេះ​ថា លោក​មិន​បានដឹង​ពី​ព៌​ត​មាន​នេះ​នៅឡើយ​ទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here