តើរដ្ឋាភិបាលគ្រោងជ្រើសរើសបណ្តាខេត្តណាខ្លះសម្រាប់រៀបចំប៉ូលសេដ្ឋកិច្ចទី៥នាពេលអនាគត?

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: ការអភិវឌ្ឍកសិឧស្សាហកម្មរបស់កម្ពុជាអាចផ្តោតលើការបង្កើតខេត្តភាគឦសានទៅជាប៉ូលសេដ្ឋកិច្ចទី៥របស់ប្រទេសកម្ពុជា ដើម្បីជំរុញការបំប្លែងវត្ថុធាតុដើមកសិកម្មទៅជាផលិតផលបន្ថែមតម្លៃ និងជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។

ប៉ូលសេដ្ឋកិច្ចរបស់កម្ពុជាបច្ចុប្បន្នរួមមាន ភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ នាពេលថ្មីៗនេះ រដ្ឋាភិបាលបានប្រកាសដាក់ខេត្តមួយក្រុម រួមមានខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ជាប៉ូលសេដ្ឋកិច្ចទី៤បន្ថែម។

សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា“ខ្ញុំសង្ឃឹមថា យើងនឹងអាចបង្កើតប៉ូលសេដ្ឋកិច្ចទី៥ នៅភូមិភាគឦសាននៃប្រទេសកម្ពុជា រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដោយផ្តោតលើវិស័យកសិឧស្សាហកម្មជាការអភិវឌ្ឍន៍ស្នូល”។

សម្តេចតេជោបានបន្ត​ថា​ “ការ​បង្កើត​ប៉ូលសេដ្ឋកិច្ច​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជួយពង្រឹង​ដល់ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​តាម​ព្រំដែន និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​ផងដែរ”។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា “ប៉ូលសេដ្ឋកិច្ចរបស់កម្ពុជាផ្តល់ការគាំទ្រដល់វិស័យផ្សេងៗក្នុងវិស័យធុរកិច្ច និងពាណិជ្ជកម្ម”។

លោកបណ្ឌិតគី សេរីវឌ្ឍន៍ បានមានប្រសាសន៍កាលពីពេលថ្មីៗកន្លងទៅថា “ការបង្កើតប៉ូលសេដ្ឋកិច្ចគឺមានសារៈសំខាន់ ពីព្រោះរដ្ឋាភិបាលកម្ពុជាកំពុងធ្វើការយកចិត្តទុកដាក់លើអត្ថប្រយោជន៍ប្រកួតប្រជែងរបស់ខេត្តនានា”។

កាលពីខែកុម្ភៈ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសថា រដ្ឋាភិបាលមានគម្រោងបង្កើតប៉ូលសេដ្ឋកិច្ចទី៤ ដោយផ្អែកលើសក្តានុពល “ត្រី និងស្រូវ” នៅក្នុងបណ្តាខេត្តភាគពាយ័ព្យនៃកម្ពុជា។

នេះ​គឺ​ស្រប​តាម​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា-​ចិន​ក្នុង​ការ​បង្កើត​ច្រករបៀង​ត្រី​និង​ស្រូវ​ ដែល​ផ្តោតលើ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា និង​តំបន់​បឹង​ទន្លេសាប ដើម្បី​អភិវឌ្ឍ​កសិកម្ម​បែប​អេកូឡូស៊ី​ទំនើប​នៅក្បែរ​បឹង​។

វានឹងជួយពន្លឿនដល់ការរៀបចំផែនការអភិវឌ្ឍន៍កសិកម្មទំនើបរបស់កម្ពុជា ស្វែងរកកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មឌីជីថល និងគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវវារីវប្បកម្ម ចម្ការត្រូពិច និងវិស័យប្រកួតប្រជែងផ្សេងៗទៀតរបស់កម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here