អារ៉ាប៊ីសាអូឌីត បោះទុន១០ពាន់លានដុល្លារ សាងសង់រោងចក្រចម្រាញ់ប្រេងនៅប្រទេសចិន នៅដើមឆ្នាំ២០២៣ នេះ

0

សុខុម

សិង្ហបុរី: ក្រុមហ៊ុនអារ៉ាប៊ីសាអូឌីត Aramco និងបណ្ដាដៃគូចិន របស់ខ្លួនមានបំណងចាប់ផ្តើមប្រតិបត្តិការពេញលេញនៅគម្រោងរោងចក្រចម្រាញ់ប្រេង និងគីមីឥន្ធនៈមួយនៅភាគឦសាននៃប្រទេសចិន ត្រឹមឆ្នាំ២០២៦ ដើម្បីបំពេញតម្រូវការប្រេងឥន្ធនៈ និងគីមីឥន្ធនៈដែលកំពុងកើនឡើងរបស់ប្រទេសចិន។

ក្រុមហ៊ុនខ្នាតយក្សដែលគ្រប់គ្រងដោយរដ្ឋខាងលើនេះនិយាយកាលពីថ្ងៃអាទិត្យ ទី២៦ ខែមីនា ថា គម្រោងក្នុងទីក្រុងផានជីន (Panjin) នៃខេត្តលាវនីង (Liaoning) ដែលរំពឹងថានឹងចំណាយអស់រហូតដល់ទៅ១០ពាន់លានដុល្លារអាមេរិក នេះនឹងក្លាយជាគម្រោងវិនយោគដ៏ធំបំផុតទី២ របស់ក្រុមហ៊ុន Aramco លើការចម្រាញ់ប្រេង និងគីមីឥន្ធនៈនៅក្នុងប្រទេសចិន។

ក្រុមហ៊ុន Aramco បានចេញសេចក្ដីថ្លែងការណ៍ថា ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមានឈ្មោះថា Huajin Aramco Petrochemical Company (HAPCO) នឹងទទួលបន្ទុកសាងសង់ និងដំណើរគម្រោងនេះដែលមានរោងចក្រជាមួយនឹងសមត្ថភាពចម្រាញ់ប្រេងបាន៣០០.០០០បារ៉ែលក្នុងមួយថ្ងៃ (bpd) និងរោងចក្រមួយទៀតដែលមានសមត្ថភាពចម្រាញ់ឧស្ម័ន ethylene បាន១,៦៥លានតោនក្នុងមួយឆ្នាំ និងឧស្ម័ន paraxylene បាន២លានតោនក្នុងមួយឆ្នាំ។

ក្រុមហ៊ុន Aramco បានបន្ថែមទៀតថា ការសាងសង់រោងចក្រនេះនឹងចាប់ផ្តើមនៅត្រីមាសទី២ ដើមឆ្នាំ២០២៣ បន្ទាប់ពីទទួលបានការអនុម័តពីរដ្ឋាភិបាល។ តាមការរំពឹងទុករោងចក្រនេះនឹងដំណើរការពេញលេញនៅឆ្នាំ២០២៦។

ក្រុមហ៊ុន Aramco នឹងផ្គត់ផ្គង់ប្រេងឆៅរហូតដល់២១០.០០០លានបារ៉ែលក្នុងមួយថ្ងៃសម្រាប់រោងចក្រនេះ។

ក្រុមហ៊ុនរដ្ឋ NORINCO Group ដែលជាក្រុមហ៊ុនផលិតគ្រឿងបរិក្ខារយោធានៃប្រទេសចិន កាន់កាប់ភាគហ៊ុន៥១%នៃក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នា HAPCO ខណៈក្រុមហ៊ុន Aramco កាន់កាប់ភាគហ៊ុន៣០% ចំណែកឯក្រុមហ៊ុន Panjin Xincheng Industrial Group កាន់កាប់ភាគហ៊ុន១៩%៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here