កំពូលមហាសេដ្ឋីចិន Jack Ma វិលត្រលប់ទៅប្រទេសចិន គួរឱ្យភ្ញាក់ផ្អើល ក្រោយបាត់មុខជាង១ឆ្នាំ

0

សុខុម

ហុងកុង: លោក Jack Ma ស្ថាបនិកក្រុមហ៊ុនខ្នាតយក្ស Alibaba Group Holding បានវិលត្រលប់មកប្រទេសចិន វិញគួរឱ្យភ្ញាក់ផ្អើលកាលពីពេលថ្មីៗនេះ បន្ទាប់ពីធ្វើដំណើរនៅក្រៅប្រទេសជាងមួយឆ្នាំ ហើយបានទៅពិនិត្យមើលសាលារៀនមួយដែលលោកបានបង្កើតឡើងនៅទីក្រុង Hangzhou ដែលជាមូលដ្ឋាននៃក្រុមហ៊ុន Alibaba។

ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា នៅថ្ងៃច័ន្ទ ទី២៧ ខែមីនា នេះ លោក Jack Ma បានជួបជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលារៀន Yungu School ជាសាលាឯកជនមួយដែលផ្ដល់ការសិក្សាចាប់ពីថ្នាក់មត្តេយ្យដល់វិទ្យាល័យ ក្រោមមូលនិធិរបស់ស្ថាបនិកក្រុមហ៊ុន Alibaba ក្នុងឆ្នាំ២០១៧។ មហាសេដ្ឋីរូបនេះបានពិភាក្សាអំពីបញ្ហាអប់រំ និងបច្ចេកវិទ្យា ChatGPT ជាមួយសាលានេះ។

លោក Jack Ma បានត្រលប់មកប្រទេសចិន វិញ បន្ទាប់ពីឈប់សំចតនៅហុងកុង ទីដែលលោកបានជួបជាមួយមិត្តភក្ដិ និងបានទៅទស្សនាសាលសិល្បៈ Art Basel ផងដែរ។ គេដឹងថា លោក Jack Ma មានចំណង់ចំណូលចិត្តស្រលាញ់ការគូរគំនូរ និងសិល្បៈខ្លាំងណាស់។

ក្រុមហ៊ុន Alibaba ពិតជាធំខ្លាំងណាស់ ហើយក៏ជាម្ចាស់កាសែត South China Morning Post ផងដែរ។

លោក Jack Ma ដែលបានចុះចេញពីតំណែងប្រធានក្រុមហ៊ុន Alibaba ក្នុងថ្ងៃខួបកំណើតគម្រប់៥៥ឆ្នាំឈានចូល៥៦ឆ្នាំរបស់លោកក្នុងឆ្នាំ២០១៩ បានធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗគ្នាដើម្បីស្វែងយល់អំពីបច្ចេកវិទ្យាកសិកម្ម។ ការធ្វើដំណើររបស់លោកត្រូវបានតាមដានយ៉ាងស្អិតដោយក្រុមអ្នកឃ្លាំមើលសកម្មភាពប្រទេសចិន។

ខណៈលោក Jack Ma បាត់មុខជាសាធារណៈយ៉ាងយូរដែលខុសពីទម្លាប់របស់លោក កន្លែងដែលលោកសម្ងំលាក់ខ្លួនត្រូវបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់បំផុត ជាពិសេសបន្ទាប់ពីក្រុមហ៊ុនដែលលោកបានបង្កើតរួមទាំងក្រុមហ៊ុន Alibaba និងក្រុមហ៊ុនបុត្រសម្ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Group ផងត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រុមនិយ័តករចិន ស្របពេលក្រុងប៉េកាំង ធ្វើការបង្ក្រាបកាន់តែខ្លាំងឡើងទៅលើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here