ដោយៈ សុខុម
ភ្នំពេញ: ក្រុមហ៊ុនអាកាសចរណ៍Cambodia Airways បានចាប់ផ្ដើមដំណើរការជើងហោះហើរផ្ទាល់ ជាលើកដំបូងរបស់ខ្លួនរវាងរាជធានីភ្នំពេញ និងក្រុងប៉េកាំង ប្រទេសចិន ក្នុងគោលបំណងឆ្លើយតបទៅនឹងកំណើនតម្រូវការធ្វើដំណើរ រវាងទិសដៅទាំងពីរនេះ។
ក្រុមហ៊ុននេះ បានចេញសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃអង្គារ ទី២៨ ខែមីនា ថា ជើងហោះហើរដំបូង KR991 បានហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីពេលព្រឹកថ្ងៃច័ន្ទ ទី២៧ ខែមីនា ហើយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Beijing Daxing International Airpor នៅពេលរសៀលថ្ងៃដដែល។

នៅក្នុងថ្ងៃដដែលនោះ ជើងហោះហើរ KR992 បានត្រឡប់ពីទីក្រុងប៉េកាំង នៅពេលរសៀល ហើយមកដល់រាជធានីភ្នំពេញ នៅពេលល្ងាច។
សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ កំពុងផ្តល់សេវាកម្មហោះហើរ៣ដង ក្នុងមួយសប្តាហ៍ ដែលគ្រោងធ្វើឡើងរាល់ថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានបន្តជើងហោះហើរផ្ទាល់ រវាងទីក្រុងរបស់កម្ពុជា និងទីក្រុងចិន ឡើងវិញ បន្ទាប់ពីប្រទេសចិន ដែលជាសេដ្ឋកិច្ចធំទី២ របស់ពិភពលោកបានធ្វើឱ្យប្រសើរនូវយុទ្ធសាស្ត្រប្រឆាំងនឹងកូវីដ-១៩ និងបន្តអនុញ្ញាតការធ្វើដំណើរទេសចរណ៍ ជាក្រុមក្រៅប្រទេសឡើងវិញ កាលពីដើមឆ្នាំនេះ៕ Xinhua៕







