GDPរបស់តំបន់អាស៊ីរំពឹងសម្រេចបានកំណើន៤,៥ភាគរយ នៅឆ្នាំ២០២៣នេះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមរបាយការណ៍ចេញផ្សាយដោយវេទិកា Boao for Asia (BFA) បានឱ្យដឹងថា អត្រាកំណើនGDP ពិតប្រាកដរបស់តំបន់អាស៊ីនៅឆ្នាំ២០២៣នេះ នឹងហក់ឡើង៤,៥ភាគរយ កើនឡើងពី៤,២ភាគរយធៀបនឹងឆ្នាំ២០២២។

យោងតាមរបាយការណ៍ដែលមានចំណងជើងថា “ទស្សនវិស័យសេដ្ឋកិច្ចអាស៊ី និងវឌ្ឍនភាពសមាហរណកម្ម” បានបង្ហាញថា នៅក្នុងបរិបទ នៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងហានិភ័យនៃការបែកបាក់នៃសកលភាវូបនីយកម្ម តំបន់អាស៊ីត្រូវបានគេរំពឹងថា នឹងបង្កើនល្បឿន នៃកំណើនសេដ្ឋកិច្ចទាំងមូលរបស់ខ្លួន។

អាស៊ីនឹងបន្តជំរុញផលិតកម្មក្នុងតំបន់ ពាណិជ្ជកម្ម ការវិនិយោគ សមាហរណកម្មហិរញ្ញវត្ថុ និងការសហការគ្នា ព្រមទាំងឆក់យកពេលវេលាអាស៊ី(Asian Moment)សម្រាប់អភិបាលកិច្ចសេដ្ឋកិច្ចពិភពលោក។

របាយការណ៍ខាងលើបានឱ្យដឹង ដោយដកស្រង់ទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ថា  ប្រទេសចិន និងឥណ្ឌានឹងចូលរួមចំណែកពាក់កណ្តាល ដល់កំណើនពិភពលោកនៅឆ្នាំ២០២៣នេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន អគ្គលេខាធិការ BFA លោក Li Baodong បានមានប្រសាសន៍ថា កំណើន និងការអភិវឌ្ឍន៍របស់តំបន់អាស៊ី គឺជាចំណុចលេចធ្លោដ៏ធំបំផុត ស្របពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។

លោកបានបន្ថែមថា “សេដ្ឋកិច្ចនៅតំបន់អាស៊ី កំពុងកើនឡើងជាលំដាប់ ហើយការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសចិនបានបញ្ជូនសញ្ញាដ៏ខ្លាំងក្លាមួយ ចំពេលមានអស្ថិរភាព”។

នៅក្នុងខែមករាកន្លងទៅ IMF បានព្យាករណ៍ពីអត្រាកំណើនសេដ្ឋកិច្ចពិភពលោក ចំនួន២,៩ភាគរយសម្រាប់ឆ្នាំនេះ ដែលខ្ពស់ជាងការព្យាករណ៍របស់ពួកគេ កាលពីខែតុលា ឆ្នាំ២០២២បន្តិច ប៉ុន្តែវានៅតែទាប ជាងមធ្យមភាគប្រវត្តិសាស្ត្រ៣,៨ភាគរយ ចន្លោះពីឆ្នាំ២០០០ដល់ឆ្នាំ២០១៩។

របាយការណ៍ដដែលបានអះអាងថា អត្រាអតិផរណាពិភពលោកនឹងថយចុះពី៨,៨ភាគរយ ក្នុងឆ្នាំ២០២២មកត្រឹម៦,៦ភាគរយនៅឆ្នាំ២០២៣នេះ ហើយតម្លៃអាហារពិភពលោក នឹងបន្តធ្លាក់ចុះ ដែលបង្ហាញពីភាពប្រសើរឡើង នៃបរិយាកាសកំណើនសេដ្ឋកិច្ចពិភពលោក។

នៅឆ្នាំ២០២៣នេះផងដែរ សម្ពាធអតិផរណានៅតំបន់អាស៊ីត្រូវបានគេរំពឹងថានឹងធូរស្រាល ប៉ុន្តែកត្តាដែលជំរុញឱ្យអតិផរណាឡើងចុះអាចរួមរស់ជាមួយគ្នាបាន។

របាយការណ៍នេះបានកត់សម្គាល់ថា ទោះបីជាទីផ្សារការងារពិភពលោកកាន់តែយ៉ាប់យ៉ឺនទៅៗ នៅឆ្នាំនេះយ៉ាងណាក្តី ប៉ុន្តែស្ថានភាពការងារនៅតំបន់អាស៊ី ជាពិសេសនៅតំបន់អាស៊ីបូព៌ា អាចមានភាពល្អប្រសើរជាងការរំពឹងទុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here