រដ្ឋាភិ​បាល​ត្រូវ​ការ​ទុនវិនិយោគរហូតដល់៩​ពាន់​លាន​ដុល្លារ​នៅ ក្នុង​វិស័យ​ថាមពល

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមផែនការអភិវឌ្ឍន៍ថាមពលមេ ឆ្នាំ២០២២-២០៤០បានឱ្យដឹងថា កម្ពុជានឹងត្រូវការទុនវិនិយោគ ប្រមាណ៩ពាន់លានដុល្លាររហូតដល់ឆ្នាំ២០៤០ ដើម្បីអភិវឌ្ឍរោងចក្រថាមពលថ្មី និងពង្រីកបណ្តាញអគ្គិសនីជាតិ។

នៅក្នុងចំណោមថវិកាច្រើននេះ ថវិកាជាង២,៥ពាន់លានដុល្លារ គឺជាការវិនិយោគ ដែលត្រូវបានអនុម័ត នៅចន្លោះឆ្នាំ២០២២ និងឆ្នាំ២០២៥។

ចំណែក ថវិកា៦,៥ពាន់លានដុល្លារផ្សេងទៀត នឹងត្រូវវិនិយោគលើថាមពលកកើតឡើងវិញ ទំនប់វារីអគ្គីសនី (មិនមែនគម្រោងដោយផ្ទាល់នៅលើទន្លេមេគង្គ) គម្រោងថាមពលពន្លឺព្រះអាទិត្យ ប្រ​ព័ន្ធស្តុកថាមពលថ្ម រោងចក្រថាមពលប្រើហ្គាសធម្មជាតិ និងរោងចក្រថាមពលជីវម៉ាស។

រដ្ឋាភិបាលកម្ពុជាបានព្យាករណ៍ថា តម្រូវការអគ្គិសនីនឹងកើនឡើងដល់២៤ពាន់លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០២៥ ដល់៣៦ពាន់លានគីឡូវ៉ាត់ម៉ោងនៅឆ្នាំ២០៣០ ដល់៥០ពាន់លានគីឡូវ៉ាត់ម៉ោងនៅឆ្នាំ២០៣៥ និងដល់៦៦ពាន់លានគីឡូវ៉ាត់ម៉ោងនៅឆ្នាំ២០៤០។

បច្ចុប្បន្ននេះ សមត្ថភាពផលិតថាមពលសរុប បានកើនឡើងពី៣.៩៩០ MW នៅចុងឆ្នាំ២០២១រហូតដល់៤.៤៩៥MW នៅចុងឆ្នាំ២០២២ ខណៈដែលបរិមាណថាមពលប្រើប្រាស់ ពីប្រភពថាមពលបានកើនឡើងពី១៣.០៩៧លានKWh ក្នុងឆ្នាំ២០២១រហូតដល់១៥.៤៥៥លាន kWh ក្នុងឆ្នាំ២០២២។

នៅក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ តម្រូវការអគ្គិសនីបានកើនឡើងយ៉ាងខ្លាំងពី៥០៨MW ក្នុងឆ្នាំ២០១២ដល់២០២៦ MW ក្នុងឆ្នាំ២០២១ ជាមួយនឹងអត្រាកំណើន ជាមធ្យម១៩ភាគរយក្នុងមួយឆ្នាំ។

ទន្ទឹមនឹងនេះ ដោយសារតែការពង្រីក យ៉ាងឆាប់រហ័សនៃហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់កម្ពុជា វិសាលភាពនៃការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា បានកើនឡើងពី៣៤ភាគរយ នៃចំនួនភូមិសរុបនៅចុងឆ្នាំ២០១០ រហូតដល់៩៨,២៧ភាគរយ នៃចំនួនភូមិសរុបនៅទូទាំងប្រទេស។

យោងតាមផែនការរបស់រដ្ឋាភិបាលបា​នបង្ហាញថា កម្ពុជានឹងមិនបន្ថែមរោងចក្រថាមពល ដើរដោយធ្យូងថ្មថ្មី ទៅក្នុងផែនការអភិ​វឌ្ឍន៍ថាមពលមេរបស់ខ្លួនឡើយ លើកលែងតែគម្រោងធ្យូងថ្មដែលត្រូវបានអនុម័តនៅឆ្នាំ២០១៩ ដែលជំរុញការវិនិយោគលើថាមពលស្អាត ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here