គម្រោងផ្លូវល្បឿនលឿនភ្នំពេញ សៀមរាប នឹងកាត់ខេត្តចំនួន៤នៅប៉ែកខាងជើងរាជធានីភ្នំពេញ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ យោងតាមលិខិតជូនដំនឹងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនផ្ញើជូនអភិបាលខេត្តចំនួន៤ បានបង្ហាញគម្រោងផ្លូវល្បឿនលឿនភ្នំពេញ សៀមរាបនឹងត្រូវកាត់តាមខេត្តចំនួន៤ដោយមិនទាន់រាប់បញ្ចូលរាជធានីភ្នំពេញ ។

នៅក្នុងលិខិតរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថាខេត្តដែលគម្រោងផ្លូវល្បឿនលឿននឹងកាត់នោះ រួមមានខេត្តកណ្ដាល ខេត្តកមពង់ចាម ខេត្តកំពង់ធំ និងខេត្តសៀមរាប រួមជាមួយនឹងចំណុចចាប់ផ្ដើមពី រាជធានីភ្នំពេញ ហើយក្រុមហ៊ុនដែលនឹងសិក្សាលើគម្រោងមួយនេះ ជាក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន ហៅកាត់ថា ( CRBC ) ។
ក្រសួងក៏បានសុំឱ្យអភិបាលខេត្តរាជធានីទាំងនេះ ជួយសហការគាំទ្រដល់ដំណើរការសិក្សារបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ដើម្បីឱ្យក្រុមហ៊ុនងាយស្រួលក្នុងការសិក្សានិងអាចពន្លឿនដល់ការសិក្សាគម្រោងមួយនេះផងដែរ ។

ក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា ក្រុមហ៊ុនរបស់ចិនមួយនេះ នឹងចាប់ផ្ដើមដំណើរការសិក្សាលើផ្លូវល្បឿនលឿនភ្នំពេញ សៀមរាប នៅពេលឆាប់ៗនេះ ហើយក្រសួងក៏សុំឱ្យអភិបាលខេត្ត ជួយអន្តរាគមន៍ សម្របសម្រួលដល់អង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្នុងដែនសមត្ថកិច្ចដើម្បីចូលរួមសហការជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ដំណើរការសិក្សាលើគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ ខេត្តសៀមរាប បានរលូន ។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ សៀមរាបនេះ ចាត់ទុកថាជាគម្រោងផ្លូវល្បឿនលឿនទី៣ក្នុងប្រទេសកម្ពុជា ដោយគម្រោងទី១ គឺផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ បានដាក់ឱ្យប្រើប្រាស់រួចហើយ គម្រោងទី២ គឺគម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិត ដោយគ្រោងនឹងបើកការដ្ឋាននៅពាក់កណ្ដាលឆ្នាំ២០២៣នេះ និងគម្រោងទី៣គឹផ្លូវល្បឿនលឿនភ្នំពេញ សៀមរាប ។

លោកទៀ សីហា អភិបាលខេត្តសៀមរាបបានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាពរបស់រដ្ឋបាលខេត្តសៀមរាបរយៈពេល៥ឆ្នាំចុងក្រោយបានឱ្យដឹងថា ខេត្តសៀមរាបបាននិងកំពុងវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័ស ដោយមានគម្រោងអភិវឌ្ឍន៍ជាច្រើនទាំងគម្រោងសាធារណនិងគម្រោងឯកជន ក្នុងនោះដែរក្រុងសៀមរាបបាននិងកំពុងជំរុញឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃនៅពេលឆាប់ៗនេះដែរ ។ ក្រៅពីនេះ ក្នុងខេត្តសៀមរាបមានគម្រោងព្រលានយន្តហោះអន្តរជាតិថ្មី គ្រោងនឹងដាក់ដំណើរការហោះហើរសាកល្បងនៅក្នុងឆ្នា២០២៣នេះ និងមានគម្រោងជាច្រើនទៀតដែលជាការទាក់ទាញដល់វិនិយោគិនក្នុងនិងក្រៅប្រទេសចូលមកបណ្ដាក់ទុនវិនិយោគ ។

កាលពីពេលថ្មីៗនេះដែរ វិនិយោគិនកម្ពុជា ជប៉ុន និងចិន បានធ្វើដំណើរទស្សនកិច្ចនិងសិក្សាពីសក្ដានុពលនិងឱកាសវិនិយោគនៅក្នុងខេត្តសៀមរាប ហើយរំពឹងថាវិនិយោគិនទាំងនោះ នឹងចាប់អារម្មណ៍លើការវិនិយោគ នៅក្នុងខេត្តសៀមរាបបន្ថែមទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here