ប្រទេសចិនសន្យាគោរពប្រព័ន្ធសង្គម និងរក្សាទុកអ្វីគ្រប់យ៉ាងដែលកោះតៃវ៉ាន់មានឱ្យតែព្រមបង្រួបបង្រួមជាតិ

0

ដោយៈ សុខុម

ប៉េកាំង: វាជារឿងដ៏កម្រ និងគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលប្រទេ​សចិន បានធ្វើការសន្យាជាសាធារណៈថា ខ្លួននឹងគោរពប្រព័ន្ធសង្គមរបស់កោះតៃវ៉ាន់ និងរក្សាទុកអ្វីគ្រប់យ៉ាង ដែលកោះនេះមានឱ្យនៅដដែល ឱ្យតែកោះនេះព្រមព្រៀង បង្រួបបង្រួមជាតិក្លាយជាមហាយក្សចិន តែមួយដែលកាន់តែខ្លាំងអស្ចារ្យ។

អ្នកនាំពាក្យចិនដីគោក (ចិនប៉េកាំង) កាលពីថ្ងៃពុធ ទី២៩ ខែមីនា បានប្រកាសបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា ជនរួមជាតិតៃវ៉ាន់ នឹងទទួលបានផលប្រយោជន៍ យ៉ាងច្រើនសន្ធឹកសន្ធាប់ យ៉ាងពិតប្រាកដ បន្ទាប់ពីការបង្រួបបង្រួមគ្នាជាប្រទេសចិន ដោយជោគជ័យ។

លោកស្រីជូ ហ្វឹងលាន (Zhu Fenglian) អ្នកនាំពាក្យការិយា​ល័យកិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋចិនបានបញ្ជាក់ថា បន្ទាប់ពីការបង្រួបបង្រួមជាមួយចិនដីគោក កោះតៃវ៉ាន់ អាចជ្រើសរើសប្រព័ន្ធសង្គមដាច់ដោយឡែកមួយ ដែលខុសពីប្រព័ន្ធសង្គមរបស់ចិន។

អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា ប្រសិនបើអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសចិន ត្រូវបានធានាតាមរយៈការបង្រួបបង្រួមនេះ ប្រព័ន្ធសង្គម និងរបៀបរស់នៅរបស់ពលរដ្ឋនៅកោះតៃវ៉ាន់ នឹងត្រូវបានគោរពយ៉ាងពេញលេញ ហើយទ្រព្យសម្បត្តិឯកជន ជំនឿសាសនា សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជនរួមជាតិតៃវ៉ាន់ នឹងត្រូវបានការពារយ៉ាងពេញលេញផងដែរ។

លោកស្រីក៏បានគូសបញ្ជាក់ដែរថា បន្ទាប់ពីការបង្រួបបង្រួមជាតិ ប្រព័ន្ធ និងស្ថាប័នសម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចឆ្លងច្រកសមុទ្រ នឹងត្រូវបានធ្វើឱ្យប្រសើរឡើងបន្ថែមទៀត ហើយប្រជាជនតៃវ៉ាន់ នឹងមានឱកាសកាន់តែច្រើន សម្រាប់ការអភិវឌ្ឍន៍ជាអន្តរជាតិ៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here