ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការចែកចាយផ្សព្វផ្សាយ ពីតម្លៃសំបុត្រចូលទស្សនាក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមដោយពលរដ្ឋមួយចំនួនបានលើកឡើងថាតម្លៃសំបុត្រនេះគឺថ្លៃហួសពេក ដែលពួកគេមិនអាចចូលរួមក្នុងព្រឹត្តិការណ៍នេះបាន ។
នៅរសៀលថ្ងៃទី៣០ មីនា ២០២៣នេះ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានប្រតិកម្មទៅនឹងតម្លៃសំបុត្រនេះផងដែរ ហើយសម្ដេចក៏បានប្រកាសមិនយល់ព្រម និងប្រកាសមិនឱ្យលក់សំបុត្រជាដាច់ខាត ។
សម្ដេចតេជោមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចំណាយប្រាក់ទាំងមូលដ្ឋានសម្ភារៈ បច្ចេកទេសក៏ដូចជាជំនួយពីមិត្តចិនក្នុងការកសាងពហុកីឡាដ្ឋានជាតិសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនេះ និងបានចំណាយថវិកាជាច្រើនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត រាប់រយលានដុល្លារ និងចំណាយពេលជាច្រើនឆ្នាំទំរាំកើតចេញជារូបរាងនៃការប្រកួតនេះ ។

សម្ដេចប្រកាសមិនយល់ព្រមជាដាច់ខាតក្នុងការលក់សំបុត្រទាំងការបើកនិងបិទព្រឹត្តិករណ៍ ក៏ដូចជាការប្រកួតកីឡាផ្សេងៗទៀតនៃការព្រឹត្តិការណ៍ស៊ីហ្គេម ។សម្ដេចថា អ្នករៀបចំលក់សំបុត្រនេះ គឺមិនបានឆ្លងការអនុញ្ញាតណាមួយពីសម្ដេចពិជ័យសេនា និងរឹតតែមិនបានឆ្លងសម្ដេចតេជោផ្ទាល់តែសោះក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
សម្ដេចតេជោបានដាក់ចេញនូវបទបញ្ជា មិនអនុញ្ញាតឱ្យមានការលក់សំបុត្រទាំងក្នុងពេលបើក និងពេលបិទ ដោយអនុញ្ញាតឱ្យបងប្អូនពលរដ្ឋចូលទស្សនាដោយសេរី ដោយមិនមានការបង់ប្រាក់ ហើយសម្រាប់ការប្រកួតកីឡាតាមប្រភេទកីឡានីមួយៗ ក៏មិនត្រូវអនុញ្ញាតឱ្យលក់សំបុត្រដែរ ។ បើសិនជាមានក្រុមណាមួយលក់សំបុត្រ នឹងត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី ឬចំពោះមុខច្បាប់ទៀតផង ។
សម្ដេចតេជោបញ្ជាក់ថា យើងបានចំណាយនិងធ្វើការងារនេះច្រើនណាស់ ប៉ុន្តែត្រូវចាំពាក្យថា ធ្វើបុណ្យ១០០សំពៅ ទោសមួយចូលទៅរលាយបាត់អស់ ជាក់ស្ដែងយើងបានចាយលុយរាប់រយលានដុល្លារ តែយើងបែរជាមកលក់សំបុត្រឱ្យជនជាតិខ្លួនឯងចូលទស្សនា តើបានប៉ុន្មានទៅ ហើយបើអ្នកទាំងអស់គ្នាចង់បានលុយសូមមកយកពីខ្ញុំ ។
សម្ដេចតេជោក៏កំពុងស្វែងរកផងដែរថា អ្នកណាជាអ្នកទទួលខុសត្រូវលើការផ្សព្វផ្សាយលក់សំបុត្រទាំងចូលទស្សនាពេលបើក និងពេលបិទ ហើយនេះមិនមែនជាបញ្ហាលេងសើចឡើយ តែជាការទទួលខុសត្រូវរបស់រដ្ឋាបាល ៕






