ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Alibaba Group គ្រោងនឹងបែងចែកអាជីវកម្មរបស់ខ្លួនទៅជាអង្គភាពសំខាន់ៗចំនួន៦ ដែលគ្របដណ្តប់លើ e-commerce រហូតដល់ cloud ក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តរយៈពេល២៤ឆ្នាំ។

ក្រុមហ៊ុន Alibaba បានរាយការណ៍ឱ្យដឹងកាលពីថ្ងៃអង្គារ ទី២៨ ខែមីនានេះថា អង្គភាពអាជីវកម្មចំនួន៥នឹងស្វែងរកការរៃអង្គាសប្រាក់ ឬការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង។
អង្គភាពទាំង៦នោះរួមមាន Cloud Intelligence Group Taobao Tmall Commerce Group Local Services Group Cainiao Smart Logistics Group Global Digital Commerce Group និង Digital Media and Entertainment Group ហើយអង្គភាពនីមួយៗនឹងត្រូវគ្រប់គ្រងដោយនាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលរបស់ខ្លួន។

លោក Daniel Zhang នឹងបន្តធ្វើជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Alibaba Group (BABA) ហើយក្នុងពេលដំណាលគ្នាលោកក៏បម្រើជានាយកប្រតិបត្តិនៃអង្គភាព Cloud Intelligence Groupផងដែរ។
ព័ត៌មាននៃការរៀបចំរចនាសម្ព័ន្ធឡើងវិញបានកើតឡើងមួយថ្ងៃបន្ទាប់ពីស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma ត្រូវបានគេប្រទះឃើញនៅសាលាបឋមសិក្សាមួយក្នុងទីក្រុង Hangzhou ដែលជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោកនៅក្នុងប្រទេសចិនដីគោកក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ។
តម្លៃផ្សារហ៊ុនដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិករបស់ក្រុមហ៊ុនខ្នាតយក្ស Alibaba បានហក់ឡើងថ្លៃរហូតដល់ទៅ៨ភាគរយ បន្ទាប់ពីលេចឮព័ត៌មាននេះ៕







