ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ គម្រោងកសាងព្រលានយន្ត ហោះថ្មី នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សម្រេចការសាងសង់បានជាង៤០ភាគរយហើយមកដល់ពេលនេះ។
នៅក្នុងសន្និសីទជោគជ័យរយៈពេល ៥ ឆ្នាំនាព្រឹកថ្ងៃទី៣០ខែមីនានេះ លោកនូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាលបានបញ្ជាក់ថា គម្រោងសាងសង់ព្រលានយន្តហោះតេជោនៅស្រុកកណ្ដាលស្ទឹង វឌ្ឍនភាពគិតមកដល់ពេលនេះ សម្រេចបាន ៤៤,៣ ភាគរយហើយ។

ដោយឡែកជុំវិញការដោះស្រាយទំនាស់ដីធ្លីពាក់ព័ន្ធនិងគម្រោងអភិវឌ្ឍព្រលានថ្មីនេះ លោកបានបញ្ជាក់ថា លើផ្ទៃដីសរុប ២៦០០ ហិកតា សម្រេចបាន ៦៣,១ ភាគរយ ស្មើ ១៦៤០ ហិកតា។ ក្នុងនោះដីដែលត្រូវដោះស្រាយបន្តជាមួយប្រជាពលរដ្ឋមានជាង៣០២ ហិតា ត្រូវ ១១ភាគរយ។
លោកលើកឡើងថា ទិដ្ឋភាពដីនៅគម្រោងអភិវឌ្ឍព្រលានថ្មីនេះ បែងចែកជាពីរ មួយដីទិញដោយក្រុមហ៊ុននិងមួយទៀតជាដីរូបវន្តបុគ្គលដែលប្រជាពលរដ្ឋគ្រប់គ្រង។ ដីដែលគ្រប់គ្រងដោយក្រុមហ៊ុនមិនពិបាកដោះស្រាយទេ ដែលសរុបមានជាង ៦៥៧ ហិកតា ត្រូវ ២៥,២៦ភាគរយ ។ អ្វីត្រូវដោះស្រាយបន្តជាមួយប្រជាពលរដ្ឋលើទំហំដីជាង ៣០២ ហិកតា ដោយអាជ្ញាធរកំពុងព្យាយាមរកដំណោះស្រាយ ដោយមានការដឹកនាំសម្របសម្រួលពីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ផ្ទាល់។
ទាក់ទងគម្រោងអភិវឌ្ឍព្រលានយន្តហោះនេះដែរ លោកនូវប៉េង ច័ន្ទតារា បានបញ្ជាក់ទៀតថា ក៏ត្រូវមានការសាងសង់ផ្លូវតភ្ជាប់មួយចំនួនទៀត គឺផ្លូវចូលព្រលានដែលតភ្ជាប់ផ្លូវជាតិលេខ២និងពីមហាវិថីសម្តេចតេជោដែលមានប្រវែង១៣,៥ គីឡូម៉ែត្របច្ចុប្បន្នសម្រេចបានជាង៣៥ភាគរយហើយ។
អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ បានដំណើរការសាងសង់ជាង ២ ឆ្នាំ ដែលបោះទុនវិនិយោគប្រមាណ២ពាន់លានដុល្លារ។ ព្រលានយន្តហោះនេះគ្រោងបញ្ចប់ដំណាក់កាលទី១ នៅឆ្នាំ២០២៤ និងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៥។
ព្រលានយន្តហោះអន្តរជាតិថ្មីនេះ កម្រិត4Fនឹងប្រើប្រាស់ជំនួសព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈវិសាលភាពព្រលានថ្មី មានភាពធំទូលាយ អាចកម្រិតយន្តហោះធំៗ ចុះចតបាន។ អាកាសយានដ្ឋានអន្តរជាតិតេជោនៅខេត្តកណ្តាល សាងសង់មានភូមិសាស្ត្រ នៅក្នុងខេត្តកណ្តាល ជាប់ខេត្តតាកែវ និងមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕







