ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី៣១ មីនា ២០២៣ បានសម្រេចអនុម័តទាំងស្រុង លើសំណើរសុំពិនិត្យសម្រេច លើគម្រោងវិនិយោគវិស័យថាមពលចំនួន៥ ។ នេះបើតាមលោកផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី៣១ មីនា ២០២៣នេះ។
លោកបានឱ្យដឹងថា គម្រោងទាំង៥ ដែលបានអនុម័តក្នុងកិច្ចប្រជុំពេញអង្គនេះ រួមមាន គម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាល និងវារីអគ្គិសនីស្ទឹងវាយថ្ម កំបុតផ្គួបគ្នា១គម្រោង និងគម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ៤គម្រោង ក្នុងនោះមាន នៅខេត្តពោធិ៍សាត់ ១គម្រោង ខេត្តកំពង់ឆ្នាំង១គម្រោង ខេត្តស្វាយរៀង១គម្រោង និងខេត្តព្រៃវែង១គម្រោង ។

របៀបវារៈនៃកិច្ចប្រជុំនាពេញអង្គគណៈរដ្ឋមន្ត្រី នៅសប្តាហ៍នេះ រួមមាន មានរបៀបវារៈចំនួន៦ រួមមាន ទី១-សេចក្តីព្រាងផែនការជាតិទសវត្សរ៍សកម្មភាព សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០។ ទី២-សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ។ ទី៣-សេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ។
ទី៤-ការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំ កណ្ដាលអានុភាព៧០មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុងផ្គួបគ្នា។ ទី៥- គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព១៥០មេហ្គាវ៉ាត់ ខេត្តពោធិ៍សាត់, អានុភាព៦០មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង អានុភាព៦០មេហ្គាវ៉ាត់ ខេត្តស្វាយរៀង និងអានុភាព៨០មេហ្គាវ៉ាត់ ខេត្តព្រៃវែង។
៦-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕







