ដោយ: គង់ លាងហួរ
ភ្នំពេញ: សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកសារជាថ្មីអំពីសារៈសំខាន់ នៃការបង្កើនចំនួនអ្នកបច្ចេកទេស និងកម្មករជំនាញ ដើម្បីទាក់ទាញគម្រោងវិនិយោគ បច្ចេកវិទ្យាទំនើបថ្មីៗមកកាន់កម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសមានសារៈសំខាន់ ក្នុងការកសាងសមត្ថភាពនិស្សិតឱ្យក្លាយជាអ្នកបច្ចេកទេស និងកម្មករជំនាញ។
ដើម្បីគាំទ្រដល់ការងារនេះ រដ្ឋាភិបាលបានរៀបចំផែនការផ្តល់ការបណ្តុះបណ្តាលដល់ជនក្រីក្រ ប្រមាណ១,៥លាននាក់ យុវជនក្នុងវិជ្ជាជីវៈ និងជំនាញដូនតា ដូចជា តម្បាញ ចម្លាក់ និងគំនូរជាដើម។
សម្តេចបានបន្តថា “នៅពេលដែលយើងមានកម្លាំងពលកម្ម ជំនាញ និងអ្នកបច្ចេកទេសច្រើន យើងអាចទាក់ទាញគម្រោងវិនិយោគបច្ចេកវិទ្យាលំដាប់ខ្ពស់មកកាន់កម្ពុជា”។
សម្តេចតេជោអះអាងថា “ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេសនឹងជួយដល់សិស្សានុសិស្ស មកពីគ្រួសារក្រីក្រឱ្យរកការងារបានងាយស្រួលជាមួយនឹងប្រាក់ខែដ៏សមរម្យ”។

ស្ថាប័នអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសំខាន់ៗរបស់រដ្ឋ រួមមាន វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) ជាដើម។
កម្ពុជាបានទាក់ទាញការវិនិយោគទ្រព្យសកម្ម ថេរចំនួន៤,៦៨ពាន់លានដុល្លារក្នុងឆ្នាំ២០២២ កើនឡើង៧,៥ភាគរយពី៤,៣៥ពាន់លានដុល្លារកាលពីឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។
កាលពីឆ្នាំមុន វិនិយោគិនបរទេសសំខាន់ៗនៅកម្ពុជាមានប្រភពមកពីប្រទេសចិន ជប៉ុន កោះកៃម៉ាន ប្រទេសថៃ និងសិង្ហបុរី ដោយបន្ថែមថា គម្រោងវិនិយោគបានផ្តោតលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម ផលិតកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងវិស័យផ្សេងៗទៀត៕







