ដោយៈ គង់ សូរិយា
ភ្នំពេញៈ សណ្ឋាគារលំដាប់ពិភពលោកថ្មីមួយ គឺ Fairfield by Marriott Phnom Penhបានបើកដំណើរការនៅកណ្តាលរាជធានីភ្នំពេញ ស្របពេលកម្ពុជាកំពុងទទួលបាន កំនើនភ្ញៀវទេសចរណ៍អន្តរជាតិ។
សណ្ឋាគារនេះ បានបើកដំណើរការនៅអគារ ជីប ម៉ុង ថៅវើ កម្ពស់៤៥ជាន់ ដែលជាអគារពាណិជ្ជកម្មចម្រុះ ស្ដង់ដារអន្តរជាតិ ។ការបើកដំណើរការនេះ បានធ្វើឡើងកាលពីចុងសប្តាហ៍មុន។
ពីធីដ៏នក្ខត្តប្ញក្សនេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក រួមនឹងវត្តមានរបស់ភ្ញៀវកិត្តិយសសរុបជាង៧០០នាក់ផ្សេងទៀត។
លោកបណ្ឌិតហ៊ុន ម៉ាណែតមានប្រសាសន៍ថា សូមចូលរួមអបអរសាទរជាមួយថ្នាក់ដឹកនាំ និងបុគ្គលិក-និយោជិតទាំងអស់នៃក្រុមហ៊ុន ជីប ម៉ុង ចំពោះការសម្ពោធដាក់ឱ្យដំណើរការ សណ្ឋាគារ Fairfield by Marriott Phnom Penh ដែលជាសណ្ឋាគារលំដាប់អន្តរជាតិដ៏ទំនើប ប្រកបដោយសេវាកម្មសម្បូណ៌បែប ហើយអគារ Chip Mong Tower ក៏បានក្លាយទៅជានិមិត្តរូបដ៏លេចធ្លោ និងជាអត្តសញ្ញាណមួយថ្មីរបស់រាជធានីភ្នំពេញ។
លោកបណ្ឌិតបានបន្តថា “ស្របពេលដែលសកម្មភាពសង្គម-សេដ្ឋកិច្ច បានវិលត្រឡប់មកជាធម្មតាឡើងវិញ, វិស័យទេសចរណ៍កម្ពុជាបានងើបឡើងជាបណ្តើរៗ ប្រកបដោយទំនុកចិត្តខ្ពស់”។
ដោយនៅឆ្នាំ២០២២ កម្ពុជាបានទទួលភ្ញៀវទេសចរណ៍អន្តរជាតិរហូតប្រមាណ២,២៨លាននាក់ ដែលជាកំណើនដល់ជាង១០ដង បើធៀបទៅនឹងឆ្នាំ២០២១។
ចំណែកអ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីបម៉ុងបានថ្លែងថា “ខ្ញុំបាទមានជំនឿចិត្តយ៉ាងមុតមាំថា សណ្ឋាគារនេះ នឹងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់ទិសទីមកទឹកដីកម្ពុជា ហើយសណ្ឋាគារដ៏ថ្មីស្រឡាងមួយនេះ បានត្រៀមរួចជាស្រេច ដើម្បីផ្តល់ជូននូវបដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះ សម្រាប់ភ្ញៀវទេសចរជាច្រើនពាន់នាក់ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣នាពេលខាងមុខ។
លោកបញ្ជាក់ថា “នេះជាប្រយោជន៍ដ៏សំខាន់ ក្នុងការចូលរួមបង្កើននិរន្តរភាពក្នុងវិស័យទេសចរណ៍ ដែលជាសសរស្តម្ភដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ”។
អ្នកឧកញ៉ា លាង ឃុន បានបន្ថែមទៀតថា ការនាំយកសណ្ឋាគារលំដាប់ពិភពលោកមួយនេះមកកម្ពុជា ដោយក្រុមហ៊ុនមានចក្ខុវិស័យវែងឆ្ងាយ និងឈរលើបន្ទាត់ស្របជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញសក្ដានុពលវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅកម្ពុជា។
ជាមួយគ្នានេះ លោក Jakob Helgen អនុប្រធានប្រចាំតំបន់ នៅប្រទេសថៃ វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា បានបញ្ជាក់ថា ការសហការជាមួយក្រុមហ៊ុន ជីប ម៉ុង នាំយកយីហោ Fairfield by Marriott Phnom Penh មកកម្ពុជា គឺជាសណ្ឋាគារដែលមានរចនាបថដ៏ប្រណិត និងស៊ីវិល័យតាមស្ដង់ដាអន្ដរជាតិ ដែលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់។
លោកបណ្ឌិតហ៊ុន ម៉ាណែត ក៏បានថ្លែងថា ការបើកសណ្ឋាគារ នេះនៅរាជធានីភ្នំពេញ ដែលស្ថិតនៅអគារ ជីប ម៉ុង ថៅវើ ក៏ជាសញ្ញាបង្ហាញនូវសុទិដ្ឋិនិយមកាន់តែខ្លាំង សម្រាប់វិស័យទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា។
សណ្ឋាគារលំដាប់អន្តរជាតិនេះ មានបន្ទប់គេងចំនួន៣០០ អាងទឹកលើអាកាស សាលប្រជុំដ៏ប្រណីត ភោជនីយដ្ឋាន ស្កាយបារដ៏ទំនើប ដែលគ្របដណ្ដប់១៩ជាន់ខាងលើ នៃអគារជីប ម៉ុង ថៅវើ មានកម្ពស់៤៥ជាន់នៃអាគារដ៏ទំនើបនេះ៕