ដោយៈ ជេស៊ីកា
ព្រះសីហនុៈ ក្រុមហ៊ុនចិនជាច្រើនបាន និងកំពុងស្វែងរកឱកាស និងចាប់ផ្តើមសាងសង់ គំរោងរបស់ពួកគេឡើងវិញ នៅក្រុងព្រះសីហនុ បន្ទាប់ពីពួកគេបានចាកចេញអស់រយៈពេលជាង៣ឆ្នាំ។
ជាក់ស្តែងក្រុមហ៊ុន Honchen(Cambodia) Limited និងLixin Groupបាន និងកំពុងរៀបចំដាក់បង្ហាញផ្ទាំង3Dដ៏ធំ នៅក្នុងគំរោងអភិវឌ្ឍន៍ចម្រុះរបស់ខ្លូន នាក្រុងព្រះសីហនុ នាថ្ងៃទី៨ មេសាខាងមុខនេះ។
ជាមួយគ្នានេះ កាលពីចុងខែមិនាកន្លងមកលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យគណៈប្រតិភូ នៃសមា គម HEHEHUI សាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធនិងពាណិជកម្ម សេដ្ឋកិច្ច វិនិយោគ ការទូត និងវប្បធម៌ កម្ពុជា-ចិន។
កាលពីចុងខែមិនាផងដែរ គឺថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាវាគ្មិន ក្នុងវេទិកា “កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគសហគ្រិនកម្ពុជា-ចិន” ដែលបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា ដោយមានកិច្ចសហការពីសមាគម ហឺហឺហួយ (Hehehui) នៃសាធារណរដ្ឋប្រជាមានិតចិន។
តាមរយៈវេទិកានេះ វិនិយោគិនជាច្រើនបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានចាត់ទុកខេត្តព្រះសីហនុ ជាគោលដៅវិនិយោគមួយនៅកម្ពុជា ដែលនេះជាសញ្ញាយ៉ាងវិជ្ជមានចំពោះសេដ្ឋកិច្ចកម្ពុជា និងខេត្តព្រះសីហនុ និយាយជារួម និងដោយឡែក។
អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើនបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា អាគារជាប់គាំងចំនួន៨៧នៅក្រុងព្រះសីហនុ បាននិងកំពុងចាប់ផ្តើមសាងសង់ឡើងវិញហើយ ខណៈរដ្ឋាភិបាលបាននិងកំពុងលើកទឹកចិត្ត និងបាននិងកំពុងរៀបចំពន្លឿនផែនការមេ ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពហុបំណង៕