ប្រទេសចិន នឹងកាត់បន្ថយបន្ទុកពន្ធ និងថ្លៃសេវាដល់ទៅ២៦២ពាន់លានដុល្លារ សម្រាប់អាជីវកម្មខ្នាតតូចក្នុងឆ្នាំ២០២៣

0

សុខុម

ប៉េកាំង: ការិយាល័យរដ្ឋបាលពន្ធដារចិន និយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ថា សេដ្ឋកិច្ចរបស់ប្រទេសចិន នឹងស្ទុះងើបឡើងបន្ថែមទៀត ហើយប្រាក់ចំណូលពន្ធក្នុងត្រីមាសទី២ ដើមឆ្នាំនេះទំនងជានឹងកើនឡើងកាន់តែលឿន ប៉ុន្តែសេដ្ឋកិច្ចនៅតែប្រឈមស្ថានភាពមិនប្រាកដប្រជាជាច្រើនទាំងក្នុងប្រទេស និងក្រៅប្រទេស។

សេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះសម្រេចបានកំណើន៣%ក្នុងឆ្នាំ២០២២ ជាកម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជិតកន្លះសតវត្សរ៍មកនេះ ហើយរដ្ឋាភិបាលក្រុងប៉េកាំង បានកំណត់គោលដៅកំណើនសេដ្ឋកិច្ចប្រមាណ៥%សម្រាប់ឆ្នាំនេះ។

លោក វ៉ាង តាវស៊ូ (Wang Daoshu) មន្ត្រីនៅការិយាល័យរដ្ឋបាលពន្ធចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា អាជីវកម្មនានាទំនងជាទទួលបានការកាត់បន្ថយថ្លៃសេវា និងបន្ទុកពន្ធដែលគិតជាទឹកប្រាក់សរុបរហូតដល់ទៅ២៦១,៦២ពាន់លានដុល្លារ ក្នុងឆ្នាំនេះ។

ដើម្បីជំរុញកំណើនក្នុងឆ្នាំ២០២២ ប្រទេសចិន បានកាត់បន្ថយថ្លៃសេវា និងបានបង្វិលប្រាក់ពន្ធលើឥណទានសងទៅអាជីវកម្មឯកជននានាវិញ ដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការបិទខ្ទប់ និងវិធានការទប់ស្កាត់កូវីដ-១៩ ដ៏តឹងរ៉ឹង។

យោងតាមក្រសួងហិរញ្ញវត្ថុចិន ឱ្យដឹងថា ក្នុងឆ្នាំ២០២២ ការកាត់បន្ថយបន្ទុកពន្ធ និងថ្លៃសេវា ការបង្វិលសងប្រាក់ពន្ធ និងការពន្យារពេលទូទាត់មានទំហំសរុបរហូតដល់ទៅ៦១០ពាន់លានដុល្លារ។ នោះរាប់បញ្ចូលទាំងការបង្វិលសងប្រាក់អាករលើតម្លៃបន្ថែម (VAT) ចំនួន៣៥០ពាន់ពាន់លានដុល្លារ ផងដែរ ដែលជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

នាយករដ្ឋមន្ត្រីចិន លោក លី ខឹឈាង បានប្រកាសកាលពីខែមីនា ថា ប្រទេសចិន នឹងកាត់បន្ថយពន្ធមួយចំនួនសម្រាប់ក្រុមហ៊ុនតូចៗ និងអាជីវកម្មបុគ្គល ហើយបន្តពង្រីកគោលនយោបាយអនុគ្រោះបែបនេះរហូតដល់ចុងឆ្នាំ២០២៤៕

TodayOnline៕

LEAVE A REPLY

Please enter your comment!
Please enter your name here