សុខុម
ប៉េកាំង: ក្រុមហ៊ុនផលិតកប៉ាល់កុងតឺន័ររបស់ប្រទេសចិន China State Shipbuilding Corporation បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបារាំង CMA CGM Group ដើម្បីផលិតកប៉ាល់កុងតឺន័រយ៉ាងធំចំនួន១៦គ្រឿងដែលមានតម្លៃរហូតដល់ទៅប្រមាណ៣ពាន់លានដុល្លារអាមេរិក។
នេះជាកំណត់ត្រាថ្មីមួយដែលឧស្សាហកម្មផលិតកប៉ាល់របស់ប្រទេសចិន ចុះកិច្ចព្រមព្រៀងបញ្ជាទិញកប៉ាល់កុងតឺន័រតែមួយលើកក្នុងទំហំទឹកប្រាក់ដ៏ច្រើនបំផុតមិនធ្លាប់មានបែបនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃអង្គារ ទី១១ ខែមេសា នេះ។
កិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងកប៉ាល់កុងតឺន័រធុន 15,000-TEU ចំនួន១២គ្រឿងដែលដើរដោយថាមពលមេតាណុលជាចម្បង និងកប៉ាល់ដឹកកុងតឺន័រធុន 23,000-TEU ចំនួន៤គ្រឿងដែលដើរដោយថាមពលឧស្ម័នធម្មជាតិរាវ (LNG) ជាចម្បងផងដែរ។
ក្រុមហ៊ុនផលិតកប៉ាល់ចិន ខាងលើនេះបានបញ្ជាក់ថា កប៉ាល់ដើរដោយថាមពលមេតាណុលនីមួយៗមានប្រវែងរហូតដល់ទៅ៣៦៦ម៉ែត្រ និងទទឹង៥១ម៉ែត្រ ហើយត្រូវបានឌីហ្សាញឡើងជាមួយនឹងសមត្ថភាពផ្ទុកទំនិញបានរហូតដល់ទៅ១៥៦.០០០តោន។
នាវានេះមានលក្ខណៈពិសេសខ្លាំងត្រង់ថា វានឹងមិនបំភាយឧស្ម័នកាបូនិកទៅលើបរិយាកាសដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាននោះឡើយ៕ Xinhua៕






