ដោយវិន វិទ្យា
ភ្នំពេញ: ការបណ្តាក់ទុនវិនិយោគទៅលើអ្វីមួយ មិនមែនសុទ្ឋតែទទួលផលចំណេញ ត្រឡប់មកវិញទាំងអស់នោះទេ ជួនកាលខាតបាត់ចុងបាត់ដើម រហូតបិទទ្វារក្រុមហ៊ុនក៏មានដែរ ប្រសិនបើយើងមិនបានគិតគូរច្បាស់លាស់។
ដោយវិន វិទ្យា
ភ្នំពេញ: ការបណ្តាក់ទុនវិនិយោគទៅលើអ្វីមួយ មិនមែនសុទ្ឋតែទទួលផលចំណេញ ត្រឡប់មកវិញទាំងអស់នោះទេ ជួនកាលខាតបាត់ចុងបាត់ដើម រហូតបិទទ្វារក្រុមហ៊ុនក៏មានដែរ ប្រសិនបើយើងមិនបានគិតគូរច្បាស់លាស់។
លោកគង់ តារា ជាគ្រូបណ្តុះបណ្តាលជំនាញផ្នែកលក់ និងជាប្រធានក្រុមផ្នែកលក់របស់គម្រោងអចលនទ្រព្យធំៗក្នុងប្រទេសកម្ពុជា មានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការដាំដើមលុយឱ្យរីកលូតលាស់លឿនឆាប់រហ័ស គេមិនត្រូវយកលុយទៅដាំឬសន្សំក្នុងកូនជ្រូកនោះទេ ព្រោះការសន្សំឬដាំដើមលុយបែបនេះលុយមិនលូតលាស់ទេ។
ម្យ៉ាងទៀតអ្នកខ្លះចង់ដាំលុយ ឱ្យលូតរីកលូតលាស់បានលឿនឬបានច្រើន បានសម្រេចយកទៅដាក់បញ្ញើនៅធនាគារ ប៉ុន្តែការដាក់ក្នុងធនាគារ គឺទទួលបានការប្រាក់ទាបត្រឡប់មកវិញ ដូចជា(Saving Account ) បានការប្រាក់ចន្លោះពី៣ទៅ៥% ប៉ុណ្ណោះក្នុងមួយឆ្នាំ។ ដូច្នេះលុយមួយរយដុល្លារ បានការប្រាក់៣ដុល្លារឬ៥ដុល្លារត្រឡប់មកវិញប៉ុណ្ណោះក្នុងមួយឆ្នាំ។
ចំណែកអ្នកខ្លះទៀតចង់បានលុយច្រើន បានយកលុយទៅវិនិយោគ ប៉ុន្តែការវិនិយោគជួនបានប្រាក់ចំណេញច្រើន ជួនខាតបង់ច្រើនក៍មាន មានន័យថាផលចំណេញនិងហានិភ័យនៅដើរទន្ទឹមគ្នាជានិច្ច។
អ្នកជំនាញផ្នែកលក់ខាងលើបន្តថា ដើម្បីឱ្យការដាំដើមលុយរីកលូតលាស់បានលឿន អ្នកជំនួញគួរចេះវិនិយោគទៅលើខ្លួនឯងជាមុន មានន័យថាត្រូវរៀនឱ្យចេះច្បាស់នូវចំណេះ ជំនាញដែលខ្លួនចង់ធ្វើឬវិនិយោគទៅលើវិស័យអ្វីមួយ ពិសេសត្រូវឈ្លាសវៃ ចេះប៉ាន់ប្រមាណច្បាស់លាស់១០០%ទៅលើអ្វីមួយ កុំពឹងផ្អែកទាំងស្រុងទៅលើការវិនិភាគរបស់គេ ព្រោះថាមានតែខ្លួនយើងទេ ដែលដឹងច្បាស់ពីអ្វីដែលយើងចង់ធ្វើ។
ត្រឡប់មកវិញ ការវិនិយោគទៅលើវិស័យណាមួយក៏បាន ឱ្យតែយើងមានជំនាញច្បាស់លាស់ ដូចជា នៅក្នុងយុគសម័យអចលនទ្រព្យបច្ចុប្បន្ន មានអ្នកខ្លះយកលុយទៅវិនិយោគលើដីទទួលបានប្រាក់ចំណេញច្រើន ក្លាយជាមហាសេដ្ឋីក៏មាន។ ទន្ទឹមនឹងនោះក៏មានអ្នកខ្លះខាងបង់ដោយសារដីធ្លីក៏ច្រើនដែរ ដោយសារមិនចេះមើលទីតាំងភូមិសាស្រ្តច្បាស់លាស់ ជួនគិតថាដីតម្លៃទាបទិញទៅបានចំណេញច្រើន ប៉ុន្តែមិនបានមើលទីតាំងភូមិសាស្រ្ត ទិញហើយលក់មិនចេញកប់លុយចោលរាប់ឆ្នាំក៏មានដែរ៕