ដោយ: គង់ លាងហួរ
ភ្នំពេញ: រដ្ឋបាលក្រុងអរិយក្សត្រ បានសម្រេចយកទីតាំងបុរីវីទ្បាទួលសង្កែ អរិយក្សត្រ របស់ឧញ៉ាគង់ ប៊ុនហាវ ធ្វើជាសាលាក្រុងអរិយក្សត្របណ្តោះអាសន្ន ខណៈទីក្រុងដែលទើបបង្កើតថ្មីមួយនេះ ពុំទាន់មានអគាររដ្ឋបាលនៅឡើយ និងដើម្បីបង្កនូវងាយស្រួលក្នុងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ។

-->

កាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ក្រុមការងាររដ្ឋបាល ក្រុងអរិយក្សត្រ បានរៀបចំបំពាក់ផ្លាកសាលាក្រុងអរិយក្សត្រ នៅបុរី វីទ្បាទួលសង្កែ គម្រោងអរិយក្សត្រ(The Sanctuary City) ស្ថិតនៅភូមិបារាជ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

បុរី វីទ្បាទួលសង្កែ ជាទីតាំងមួយល្អ ដែលនៅកៀកជិតរាជធានីភ្នំពេញ និងមានចម្ងាយត្រឹមតែ៣គីឡូម៉ែត្រប៉ុណ្ណោះ ពីទីក្រុងកោះពេជ្រ ហើយជាទីតាំងមួយ ដែលប្រជាពលរដ្ឋនៅតំបន់អរិយក្សត្រតែងឆ្លងកាត់ញឹកញាប់ជាប្រចាំផងដែរ។
ដូច្នេះការជ្រើសរើសទីតាំងនេះ ធ្វើជាសាលាក្រុងអរិយក្សត្រ នឹងមានភាពងាយស្រួលទាំងអ្នកផ្តល់សេវា និងអ្នកទទួលសេវារដ្ឋបាលផ្សេងៗ។
កាលពីថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹតបង្កើតក្រុងអរិយក្សត្រនៃខេត្តកណ្តាល ដោយកាត់ឃុំចំនួន៦ពីស្រុកខ្សាច់កណ្តាល គឺឃុំបាក់ដាវ ឃុំកោះឧកញ៉ាតី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និងឃុំស្វាយជ្រំ និងឃុំចំនួន៥ ពីស្រុកល្វាឯម គឺឃុំអរិយក្សត្រ ឃុំសារិកាកែវ ឃុំពាមឧកញ៉ាអុង ឃុំព្រែកក្មេង និងឃុំបារុង ដែលធ្វើឱ្យក្រុងអរិយក្សត្រ មានសង្កាត់សរុបចំនួន១១។
ជាមួយគ្នានេះ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោក៏បានចេញអនុក្រឹត្យ តែងតាំងលោក ចាន់ តារា អតីតអភិបាលរងស្រុកខ្សាច់កណ្តាល ជាអភិបាលក្រុងអរិយក្សត្រ ខណៈដែលការបោះឆ្នោតលើកទី១ ក្នុងការជ្រើសរើសក្រុមប្រឹក្សា ក្រុងអរិយក្សត្រនៃខេត្តកណ្តាលត្រូវបានធ្វើឡើង កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣៕

