រដ្ឋាភិបាលសម្រេចជ្រើសយកទីតាំងបុរី វីទ្បាទួលសង្កែធ្វើជាសាលាក្រុងអរិយក្សត្រ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: រដ្ឋបាលក្រុងអរិយក្សត្រ ​​បាន​សម្រេច​​​យក​ទីតាំង​បុរីវីទ្បាទួលសង្កែ អរិយក្សត្រ ​​របស់​ឧញ៉ាគង់ ប៊ុនហាវ ​​ធ្វើ​ជាសាលាក្រុងអរិយក្សត្របណ្តោះអាសន្ន ​​ខណៈ​ទីក្រុង​ដែលទើប​បង្កើត​ថ្មី​មួយ​នេះ ពុំ​ទាន់​មាន​អគារ​រដ្ឋបាល​នៅ​ឡើយ និង​ដើម្បីបង្កនូវងាយស្រួល​ក្នុងការផ្តល់សេវា​ជូន​ដល់ប្រជាពលរដ្ឋ។

កាលពី​​ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ក្រុមការងាររដ្ឋបាល ក្រុងអរិយក្សត្រ បានរៀបចំ​បំពាក់​ផ្លាកសាលាក្រុងអរិយក្សត្រ នៅបុរី វីទ្បាទួលសង្កែ គម្រោងអរិយក្សត្រ(The Sanctuary City) ស្ថិតនៅភូមិ​បារាជ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

បុរី វីទ្បាទួលសង្កែ ជា​ទីតាំង​មួយ​ល្អ ដែល​​នៅ​កៀក​ជិត​រាជធានីភ្នំពេញ ​​និងមានចម្ងាយត្រឹម​តែ៣គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ពី​ទីក្រុង​កោះពេជ្រ ​​​ហើយ​ជា​ទីតាំង​មួយ​ ដែលប្រជាពលរដ្ឋ​នៅ​តំបន់​អរិយក្សត្រ​​តែង​ឆ្លងកាត់​ញឹកញាប់​ជា​ប្រចាំ​ផងដែរ។

ដូច្នេះ​ការ​​ជ្រើសរើស​ទីតាំង​នេះ ធ្វើ​ជាសាលាក្រុង​អរិយក្សត្រ នឹង​មាន​ភាព​ងាយ​ស្រួល​​​ទាំង​អ្នកផ្តល់សេវា និង​អ្នកទទួល​សេវា​រដ្ឋបាល​ផ្សេងៗ។

កាល​ពី​ថ្ងៃ​សុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ​​បាន​ចេញ​អនុក្រឹតបង្កើត​ក្រុង​អរិយក្សត្រនៃ​ខេត្ត​កណ្តាល ដោយ​កាត់​ឃុំ​ចំនួន៦ពី​ស្រុក​ខ្សាច់​កណ្តាល គឺ​ឃុំ​បាក់ដាវ ឃុំ​កោះ​ឧកញ៉ា​តី ឃុំព្រែក​អំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និង​ឃុំ​ស្វាយជ្រំ និង​ឃុំ​ចំនួន៥ ពី​ស្រុក​ល្វាឯម គឺ​ឃុំ​អរិយក្សត្រ ឃុំសារិកា​កែវ ឃុំ​ពាម​ឧកញ៉ាអុង ឃុំព្រែកក្មេង និង​ឃុំ​បារុង ដែលធ្វើឱ្យក្រុងអរិយក្សត្រ មាន​សង្កាត់​សរុប​ចំនួន១១។

ជាមួយគ្នានេះ កាលពី​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ២០២៣​ សម្តេចតេជោក៏​បាន​ចេញ​អនុក្រឹត្យ​​ តែងតាំង​លោក ចាន់ តារា អតីត​អភិបាលរង​ស្រុក​​​ខ្សាច់​កណ្តាល ជា​អភិបាលក្រុង​អរិយក្សត្រ ខណៈ​ដែល​ការ​បោះឆ្នោត​លើកទី១ ​​​​​ក្នុង​ការ​ជ្រើសរើស​ក្រុមប្រឹក្សា ​ក្រុង​អរិយក្សត្រនៃ​ខេត្តកណ្តាលត្រូវ​បាន​ធ្វើ​ឡើង​ កាល​ពី​ថ្ងៃ​ទី៩ ខែមេសា ឆ្នាំ២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here