ដោយ វុត្ថា
ភ្នំពេញ៖ ចំណូលសារពើពន្ធ គឺជាពន្ធអាករ និងសិទ្ធិដែលត្រូវបានបង្វែរជាកាតព្វកិច្ចទៅឲ្យរដ្ឋ។ ចំណូលនេះ រួមមាន៖ ចំណូលសារពើពន្ធក្នុងប្រទេស និងចំណូលពន្ធលើពាណិជ្ជកម្មក្រៅប្រទេស។
ចំណូលសារពើពន្ធក្នុងស្រុក គឺជាកត់ត្រាចំណូលទទួលបានពីពន្ធដារ និងពន្ធគយក្នុងប្រទេស។ ចំណូលសារពើពន្ធក្នុងស្រុក មានដូចជា៖ ពន្ធផ្ទាល់ (ពន្ធលើផលទុន ប្រាក់ចំណេញ) គឺជាចំណូលមកពីការបង់ពន្ធលើផលទុន ប្រាក់ចំណេញរបស់រូបវន្តបុគ្គល និងនីតិបុគ្គល។ ពន្ធលើប្រាក់ចំណេញ (រូបវន្តបុគ្គល) គឺជាចំណូលបានមកពីការបង់ពន្ធលើប្រាក់ចំណេញរបស់សហគ្រាស និងក្រុមហ៊ុន (រូបវន្តបុគ្គល)។ ពន្ធលើប្រាក់ចំណេញ (នីតិបុគ្គល) គឺជាចំណូលបានមកពីការបង់ពន្ធ លើប្រាក់ចំណេញរបស់សហគ្រាស និងក្រុមហ៊ុន (នីតិបុគ្គល)។
ពន្ធលើប្រាក់បៀវត្សរ៍ គឺជាចំណូលបានមកពីការបង់ពន្ធប្រាក់បៀវត្សរ៍ ដោយបុគ្គលិករដ្ឋ ឬឯកជន ដែលជាប់កាតព្វកិច្ចបង់ពន្ធ។ ពន្ធលើឈ្នួញចលន និងអចលនទ្រព្យ (រូបវន្តបុគ្គល) គឺជាចំណូលមកពីការបង់ពន្ធលើឈ្នួលផ្ទះ ដីធ្លី ផ្ទះសម្បែង និងពីការជួលគ្រឿងយន្ត (រូបវន្តបុគ្គល)។ ពន្ធលើឈ្នួញចលន និងអចលនទ្រព្យ (នីតិបុគ្គល) គឺជាចំណូលមកពីការបង់ពន្ធលើឈ្នួលផ្ទះ ដីធ្លី ផ្ទះសម្បែង និងពីការជួលគ្រឿងយន្ត (នីតិបុគ្គល)។
ពន្ធប្រយោល គឺជាចំណូលទទួលបានពីការបង់អាករលើផលរបរ និងអាករលើតម្លៃបន្ថែម។ អាករនេះអាចត្រូវបានប្រមូលគ្រប់រូបភាព នៃដំណើរផលិតកម្ម ការចែកចាយទំនិញឬសេវា ដែលផលិតនៅក្នុងប្រទេស ឬនាំចូលពីបរទេស។ អាករលើផលរបរ គឺជាចំណូលបានមកពីការបង់អាករ លើផលរបររបស់សហគ្រាសនៅក្នុងរបបម៉ៅការ។ អាករលើតម្លៃបន្ថែម គឺជាចំណូលបានមកពីការបង់អាករបន្ថែមលើតម្លៃទំនិញ ឬសេវាកម្មផ្សេងៗ ដោយសហគ្រាសដែលផលិតទំនិញ ឬចែកចាយទំនិញ និងសេវាកម្មទាំងនោះនៅក្នុងប្រទេស។
អាករលើតម្លៃបន្ថែមរបបនាំចូល (សហគ្រាសប្រេងឥន្ធនៈ) គឺជាចំណូលបានមកពីការបង់អាករបន្ថែម លើតម្លៃប្រេងឥន្ធនៈ ដែលបាននាំចូល។
អាករលើតម្លៃបន្ថែម របបនាំចូល (សហគ្រាសផ្សេងទៀត) គឺជាចំណូលបានមកពីការបង់អាករបន្ថែមលើតម្លៃទំនិញ ឬសេវាកម្មផ្សេងៗ ក្រៅពីប្រេងឥន្ធនៈដែលបាននាំចូល។ អាករលើតម្លៃបន្ថែម របបនាំចូលទំនិញជាសម្ភារៈកសិកម្ម (ជាបន្ទុករបស់រដ្ឋ) គឺជាចំណូលបានមកពីអាករលើតម្លៃបន្ថែម លើការនាំចូលទំនិញជាសម្ភារៈកសិកម្ម (ការកត់ត្រាជាចំណូលថវិកាក្នុងអនុគណនីនេះ គឺដើម្បីមានតុល្យភាពរវាងចំណាយថវិកាដែលជាបន្ទុករបស់រដ្ឋ)។
អាករពិសេស គឺជាចំណូលទទួលបានពីការបង់អាករពិសេសលើទំនិញ និងសេវាមួយចំនួន ដែលបានកំណត់ទាំងរបបផ្ទៃក្នុង និងរបបនាំចូល។ អាករពិសេសនេះ អាចត្រូវបានប្រមូលតាមកម្រិតណាមួយនៃផលិតកម្ម ឬការចែកចាយ និងត្រូវបានគណនាតាមរយៈតម្លៃ ទំងន់ កម្លាំង ឬគុណភាពនៃផលិតផល ដូចជាពន្ធលើស្ករ បារី ថ្នាំជក់ ស្រា ប្រេងឥន្ធនៈ អាករលើអគ្គិសនី ឬហ្គាស។ល។
អាករពិសេសលើទំនិញមួយចំនួន គឺជាចំណូលបានមកពីការបង់អាករពិសេសលើទំនិញ ដែលផលិត ឬចែកចាយនៅក្នុងប្រទេស។ អាករពិសេសលើទំនិញមួយចំនួន របបនាំចូល (សហគ្រាសប្រេងឥន្ធនៈ) គឺជាចំណូលបានមកពីការបង់អាករពិសេសលើប្រេងឥន្ធនៈដែលបាននាំចូល។ អាករពិសេសលើទំនិញមួយចំនួន របបនាំចូល (សហគ្រាសផ្សេងៗទៀត) គឺជាចំណូលបានមកពីការបង់អាករពិសេស លើទំនិញផ្សេងៗទៀត ក្រៅពីប្រេងឥន្ធនៈដែលបាននាំចូល ដូចជា អាករពិសេស លើការនាំចូលស្រា បារី។ល។
អាករពិសេសលើសេវាមួយចំនួន គឺជាចំណូលបានមកពីការបង់អាករពិសេសលើសេវាមួយចំនួននៅក្នុងប្រទេស។ អាករសម្រាប់បំភ្លឺសាធារណៈ គឺជាចំណូលទទួលបានមកពីការបង់ពន្ធលើការលក់ស្រា ស្រាបៀ និងបារី ដែលផលិតមកពីបរទេស និងផលិតផលក្នុងស្រុក នៅក្នុងមណ្ឌលដែនដីរាជធានី-ខេត្ត សម្រាប់ចំណាយការបំភ្លឺសាធារណៈ។អាករលើសេវាដែលបានកំណត់ គឺជាចំណូលទទួលបានពីការបង់អាករ លើសេវាដែលបានកំណត់ដូចជា អាករលើកាស៊ីណូ អាករលើឆ្នោត អាករលើល្បែងភ្នាល់ផ្សេងៗ អាករលើអាកាសយានដ្ឋាន អាករលើការស្នាក់នៅ និង ពន្ធសត្តឃាត។ អាករនេះត្រូវបានគណនាលើលាភការនៃសេវាពិសេស និងអាករលើល្បែងចៃដន្យ ល្បែងភ្នាល់ និងការទទួលបានពីកាស៊ីណូ។ល។ ៕