វិនិយោគិនបរទេសសម្រុកទិញយកសណ្ឋាគារជប៉ុនច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៤

0

ដោយៈ សុខុម

តូក្យូ: វិនិយោគិនបរទេសកំពុងសម្រុកទិញ យកសណ្ឋាគារជប៉ុន ក្នុងកម្រិតមួយមិនធ្លាប់ជួប ក្នុងរយៈពេលជិតមួយទសវត្សរ៍មកនេះ ខណៈការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ ក្នុងប្រទេសជប៉ុន រូបិយប័ណ្ណយ៉េនចុះថោក និងអត្រាការប្រាក់ទាបជំរុញឱ្យតម្រូវការពីបរទេសកើនឡើងខ្ពស់។ 

ទិន្នន័យនៅចុងខែមីនា ពីក្រុមហ៊ុនស្រាវជ្រាវ MSCI Real Assets បង្ហាញថា អ្នកទិញនៅបរទេស បានគ្របដណ្ដប់៤៧%នៃការវិនិយោគ ក្នុងទំហំ៣,៧ពាន់លានដុល្លារអាមេរិក លើកិច្ចព្រមព្រៀងទិញលក់សណ្ឋាគារ ដែលបានបិទបញ្ចប់ដោយជោគជ័យ ក្នុងរយៈពេល១២ខែកន្លងមកនេះ ដែលជាតួលេខដ៏ខ្ពស់បំផុត មិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៤។  នេះបើយោងតាមសារព័ត៌មាន Japan Times ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៨ ខែមេសា។

លោក Benjamin Chow ប្រធានផ្នែកស្រាវជ្រាវទ្រព្យសកម្មប្រចាំអាស៊ី នៃក្រុមហ៊ុន MSCI បានលើកឡើងថា កត្តារួមផ្សំគ្នារួមមានអត្រាការប្រាក់ទាប ប្រាក់យ៉េន ចុះថោក និងស្ថិរភាពទីផ្សារបានធ្វើឱ្យអចលនទ្រព្យក្នុងប្រទេសជប៉ុន មានភាពទាក់ទាញខ្លាំងសម្រាប់បណ្ដាវិនិយោគិនទូទាំងពិភពលោក ស្របពេលសេដ្ឋកិច្ចស្ថិតក្នុងស្ថា​នភាពមិនប្រាកដប្រជាក្នុងឆ្នាំកន្លងទៅ។

អ្នកជំនាញរូបនេះបានបន្ថែមទៀតថា “មានចំណុចគួរឱ្យកត់សម្គាល់មួយកាលពីឆ្នាំមុន ដែលរាល់អតិថិជនរបស់យើងទាំងអស់បានទៅប្រទេសជប៉ុន ដើម្បីរកមើលទិញអចលនទ្រព្យ”។

លោក Benjamin Chow លើកឡើង ថា ចំណាប់អារម្មណ៍លើសណ្ឋាគារ ដែលគ្របដណ្ដប់ប្រមាណ១ភាគ១០ នៃសកម្មភាពចុះកិច្ចព្រមព្រៀងទិញ លក់អចលនទ្រព្យនៅក្នុងប្រទេសជប៉ុន បានកើនឡើងគួរឱ្យកត់សម្គាល់។

លោកបន្តថា “បណ្ដាវិនិយោគិនបរទេស ជាប្រវត្តិសាស្ត្របានចាប់អារម្មណ៍ខ្លាំង លើអចលនទ្រព្យប្រភេទលំនៅឋាន ឬអចលនទ្រព្យលក់រាយ”។

ភ្ញៀវទេសចរបាននិងកំពុងសម្រុកត្រលប់ ទៅលេងនៅប្រទេសជប៉ុនឡើងវិញ ចាប់តាំងពីប្រទេសនេះ បានបន្ធូរបន្ថយការរឹតបន្តឹងព្រំដែនសម័យកូវីដ-១៩ កាលពីខែតុលា។

ដោយសារមើលឃើញពីតម្រូវការខ្លាំង ពីភ្ញៀវទេសចរបរទេស និងក្នុងស្រុក រួមផ្សំជាមួយនឹងការផ្គត់ផ្គង់មិនគ្រប់គ្រាន់ ដោយសារខ្វះបន្ទប់សណ្ឋាគារថ្មីៗនៅក្នុងប្រទេសជប៉ុន បណ្ដាវិនិយោគិនក្រៅប្រទេសកំពុងប្រថុយ សម្រុកទិញអចលនទ្រព្យ ជាពិសេសសណ្ឋា​គារនៅក្នុងប្រទេសនេះ៕ Japan Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here