ដោយៈ គង់ សូរិយា
ព្រះសីហនុៈ អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើនបានបញ្ជាក់ថា កម្ពុជាបន្តប្រកាន់ភ្ជាប់នូវគោលជំហរឥតងាករេ ចំពោះការគាំទ្រគោលនយោបាយចិនតែមួយ និងចាត់ទុកចិនជាអ្នកជិតខាងល្អ បងប្អូនល្អ និងដៃគូល្អ។
លោកបានមានប្រសាសន៍បែបនេះ ក្នុងពិធីទទួលលៀងសាយភោជន៍ ទទួលស្វាគមន៍គណៈ ប្រតិភូចិន ដឹកនាំដោយលោក NONG RONG ឧបការីរដ្ឋមន្រ្តីការបរទេសចិន ដែលបានមកទស្សនកិច្ចនៅខេត្តព្រះសីហនុ ។
-->
លោកគួច ចំរើនបានបន្តថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជនប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកដល់កម្រិតខ្ពស់បំផុត ភាពជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រាយ ជាមិត្តភាពដែកថែប និងជាសហគមន៍វាសនារួមកម្ពុជា-ចិន។ ថ្មីៗនេះរដ្ឋាភិបាល ប្រទេសទាំងពីរ បានដាក់ចេញនូវកិច្ចសហ ប្រតិបត្តិការ “ត្បូងពេជ្រ” ដោយផ្តោតសំខាន់លើវិស័យចំនួន៦ រួមមាន នយោបាយ និងការទូត, សមត្ថភាពផលិត និងវាយភណ្ឌ, កសិកម្ម, ថាមពល, សន្តិសុខ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រួមទាំងការលើកកម្ពស់វិស័យសុខា ភិបាលនៅកម្ពុជា។
ខេត្តព្រះសីហនុបានបង្កើតសម្ព័ន្ធមេត្រីភាពខេត្ត -ក្រុងបងប្អូនជាមួយបណ្តាខេត្ត-ក្រុងនៅប្រទេសចិនចំនួន១៧។
ក្រោមដំបូលសន្តិភាព និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ និងគំនិតផ្តួចផ្តើមគោលនយោបាយ ខ្សែក្រវាត់ និងផ្លូវ របស់លោកស៊ី ជីនពីង ប្រធានាធិបតីចិន ដើម្បីជំរុញប្រទេសចិនឆ្ពោះទៅយុគសម័យថ្មី ការលុបបំបាត់ភាពក្រីក្រ កសាងសង្គមរីកចម្រើនលើគ្រប់វិស័យ សំដៅប្រែក្លាយប្រទេសចិនទៅជាប្រទេសទំនើបដ៏អស្ចារ្យនៅឆ្នាំ២០៤៩ ដើរតួនាទីកាន់តែសំខាន់ លើឆាកអន្តរជាតិ ដើម្បីសន្តិភាព និងវិបុលភាពពិភពលោក៕
