ដោយ: គង់ លាងហួរ
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានអះអាងកាលពីថ្ងៃសៅរ៍ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី (FTAs) បានផ្តល់ឱកាសពាណិជ្ជកម្ម និងការវិនិយោគកាន់តែអំណោយផលសម្រាប់អ្នកវិនិយោគនៅកម្ពុជា។
ក្រៅពី RCEP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំបំផុតរបស់ពិភពលោក កម្ពុជាក៏មានកិច្ចព្រមព្រៀង FTAs ទ្វេរភាគីជាមួយប្រទេសចិន និងកូរ៉េខាងត្បូងផងដែរ។
-->
ថ្លែងក្នុងវេទិកាធុរកិច្ចរវាងកម្ពុជា និងតំបន់ស្វយ័តក្វាងស៊ី ជ័ង ភាគខាងត្បូងប្រទេសចិន ដែលរៀបចំឡើងក្នុងទីក្រុងភ្នំពេញ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ឈួន ដារ៉ា បានជំរុញដល់អ្នកវិនិយោគ និងអ្នកនាំចេញ ឱ្យទាញយកអត្ថប្រយោជន៍ ជាអតិបរមាពីកតិកាសញ្ញាពាណិជ្ជកម្មសេរីទាំងនេះ។
លោកបានប្រាប់អ្នកសារព័ត៌មានថា “ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ រួមជាមួយនឹងច្បាប់វិនិយោគថ្មី អំណោយផលរបស់កម្ពុជា អ្នកវិនិយោគ និងអ្នកនាំចេញនឹងទទួលបានអត្ថប្រយោជន៍ច្រើន ដោយសារផលិតផល ដែលផលិតក្នុងប្រទេសកម្ពុជារបស់ពួកគេ នឹងត្រូវបាននាំចេញទៅកាន់ប្រទេសចិន កូរ៉េខាងត្បូង និងប្រទេសសមាជិក RCEP ផ្សេងទៀតជាមួយនឹងពន្ធអនុគ្រោះ”។
លោកបន្ថែមថា “វេទិកានេះមានការចូលរួម ពីនាយកប្រតិបត្តិធុរកិច្ចកម្ពុជា និងចិនប្រមាណ២០០នាក់”។
ទន្ទឹមនឹងនេះ លោក ឈួន ដារ៉ា បានថ្លែងថា ប្រទេសចិនជាទីផ្សារដ៏ធំ និងជាអ្នកនាំចូលផលិតផលកសិកម្ម ដ៏សំខាន់របស់កម្ពុជា។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា កិច្ចព្រមព្រៀង RCEP និង FTA កម្ពុជា-ចិន គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) និងយន្តការសហប្រតិបត្តិការមេគង្គ-ឡានឆាង (LMC) បានផ្តល់ឱកាសយ៉ាងច្រើន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា និងប្រទេសដែលចូលរួមដទៃទៀត”។
លោកបានថ្លែងនៅឯវេទិកានោះថា “វិស័យឯកជននៃប្រទេសទាំងពីរ គួរតែចាប់យកឱកាសទាំងនេះ និងទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីក្របខ័ណ្ឌទាំងនេះ”។
លោកឧកញ៉ា លឹម ហេង ក៏បានកត់សម្គាល់ផងដែរថា ចំណងមិត្តភាពដែកថែបរវាងកម្ពុជា និងចិនបានជួយបង្កើតទំនុកចិត្តយ៉ាងខ្លាំងក្នុងចំណោមអ្នកវិនិយោគចិន អំពីការវិនិយោគរបស់ពួកគេនៅកម្ពុជា”។
លោក Joseph Matthews សាស្ត្រាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងរាជធានីភ្នំពេញ មានប្រសាសន៍ថា RCEP ដែលជាតំបន់ពាណិជ្ជកម្មសេរី ដ៏ធំបំផុតរបស់ពិភពលោក បានកាត់បន្ថយរបាំងពាណិជ្ជកម្ម ធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួលបានទីផ្សារ សម្រួលនីតិវិធីទាក់ទងនឹងគយ និងផ្តល់សម្បទានពន្ធសម្រាប់ដៃគូពាណិជ្ជកម្ម។
លោកបានប្រាប់សារពត៌មាន Xinhua ថា “RCEP បង្ហាញពីឱកាសដ៏មានតម្លៃ ក្នុងការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត នូវសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគក្នុងលក្ខណៈដែលមានអត្ថប្រយោជន៍ទៅវិញទៅមក”។
លោកបន្តថា “កតិកាសញ្ញាពាណិជ្ជកម្មដ៏ធំនេះ គឺជាកាតាលីករសម្រាប់ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកនៅក្នុងយុគសម័យ ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩”។
លោក Matthews បានបន្ថែមថា RCEP គាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មបើកចំហ សេរី យុត្តិធម៌ រួមបញ្ចូល និងពហុភាគី ហើយថា វាបានជួយពង្រឹង ខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់ និងលើកកម្ពស់ការចូលរួមរបស់សហគ្រាសខ្នាតតូច និងមធ្យម នៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់៕
