ដោយៈ សុខុម
សេអ៊ូល: បណ្ដាក្រុមហ៊ុនអាកាសចរណ៍កូរ៉េ ទទួលបានកំណើនអ្នកដំណើរអន្តរជាតិ យ៉ាងច្រើនសម្បើមក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣ បើធៀបនឹងឆ្នាំមុន ក្រោយពីបណ្តាប្រទេសនានា បើកព្រំដែនឡើងវិញ។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលកូរ៉េ បានបង្ហាញកាលពីថ្ងៃអាទិត្យ ទី២៣ ខែមេសា។
ទិន្នន័យរបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ បង្ហាញថា ចំនួនអ្នកដំណើរនៃជើងហោះហើរអន្តរជាតិ ដែលដំណើរការ ដោយក្រុមហ៊ុនអាកាសចរណ៍ Korean Air Lines ក្រុមហ៊ុន Asiana Airlines និងក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបផ្សេងៗទៀតបានកើនឡើងខ្ពស់ រហូតដល់ទៅ៩,៨៧លាននាក់ អំឡុងខែមករា ដល់ខែមីនា។
តួលេខនេះ បង្ហាញពីការកើនឡើងយ៉ាងច្រើនសម្បើម បើធៀបនឹងចំនួនអ្នកដំណើរ៦១៩.២០៤នាក់ ទទួលបានក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២។
ចំនួនអ្នកដំណើរអន្តរជាតិ ដែលបានប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ផ្ដល់សេវាពេញលេញ ជាកញ្ចប់ដូចជាក្រុមហ៊ន Korean Air និងក្រុមហ៊ុន Asiana ជាដើមទទួលបានកំណើនអ្នកដំណើរ៧,៨%ឈានដល់៤,៤៧លាននាក់ ក្នុងរយៈពេល៣ខែដើមឆ្នាំនេះ ដែលស្មើនឹង៤៥%នៃចំនួនអ្នកដំណើរអន្តរជាតិសរុប។
ចំនួនអ្នកដំណើរនៃជើងហោះហើរ របស់បណ្ដាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប ដែលគ្របដណ្ដប់រហូតដល់ទៅ៥,៤១លាននាក់ បានហក់ឡើងខ្ពស់ខ្លាំងស្ទើរមិនគួរឱ្យជឿ បើធៀបនឹងចំនួនអ្នកដំណើរ៥២.០០០នាក់កាលពីមួយឆ្នាំមុន ដោយវ៉ាដាច់ចំនួនអ្នកដំណើរសម្រាប់បណ្ដាក្រុមហ៊ុនអាកាសចរណ៍ ដែលផ្ដល់សេវាកម្មពេញលេញជាកញ្ចប់។
ក្រុមអ្នកឃ្លាំមើលទីផ្សារលើកឡើងថា ការងើបឡើងវិញនៃតម្រូវការធ្វើដំណើរអន្តរជាតិ បានជំរុញឱ្យចំនួនអ្នកដំណើរ កើនឡើងយ៉ាងខ្លាំង ខណៈប្រទេសនានាបានចាប់ផ្តើមបន្ធូរបន្ថយ ការរឹតបន្តឹងព្រំដែនទាក់ទងនឹងកូវីដ-១៩៕ Korea Times៕