ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ឱនភាពពាណិជ្ជកម្មរវាងកម្ពុជា និងចិននៅតែមានភាពខុសគ្នា ជាក់ស្ដែងគ្រាន់តែខេត្តក្វាងស៊ីមួយប៉ុណ្ណោះ ឃើញថាឱនភាពមានអតុល្យភាពខ្ពស់ខ្លាំងទៅហើយ។
ដោយក្នុងឆ្នាំ២០២២កន្លងទៅ កម្ពុជានាំចូលទំនិញពីខេត្តក្វាងស៊ីប្រទេសចិន មានទឹកប្រាក់ជាង២៧០លានដុល្លារអាមេរិក ខណៈកម្ពុជានំាចេញទៅវិញ មានទឹកប្រាក់តែប្រមាណ១៦លានដុល្លារអាមេរិកប៉ុណ្ណោះ ពោលគឺមានភាពខុសគ្នាឆ្ងាយ។
-->
ក្នុងជំនួបជាមួយលោក ឡាន ធានលី អភិបាលខេត្តក្វាងស៊ីកាលពីចុងសប្ដាហ៍កន្លងទៅនេះ លោកប៉ាន សូរស័ក្តិ បានមានប្រសាសន៍ឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងខេត្តក្វាងស៊ី ក្នុងឆ្នាំ២០២២ កន្លងទៅមានទឹកប្រាក់ចំនួន១.៩៧០ លានយន់ ( ប្រមាណ ២៨៥លានដុល្លារ) កើនឡើង៨៨,២ភាគរយ ធៀបនឹងឆ្នាំ២០២១ ក្នុងនោះ ខេត្តក្វាងស៊ី នាំមកកម្ពុជាមានចំនួន១.៨៦០ លានយន់ (ប្រមាណ 270$) កើនឡើង៨៨,៥ភាគរយ។ រីឯកម្ពុជានាំចេញទៅខេត្តក្វាងស៊ី មានចំនួន ១១០លានយន់ ( ១៦លានដុល្លារ) កើនឡើង ៨៥,៣ភាគរយ ។
លោកបន្តថា ទំនិញសំខាន់ៗដែលខេត្តក្វាងស៊ី នាំចូលមកកម្ពុជាមាន គ្រឿងបន្លាស់ម៉ាស៊ីនត្រង់ស្វូរ ម៉ាស៊ីន បិទស្រា ម៉ាស៊ីនរុំខ្សែ ជីកសិកម្ម ទុយោចរន្តអគ្គិសនី ឧបករណ៍បញ្ជូនអុបទិកជាដើម ហើយកម្ពុជានាំចេញទៅខេត្តក្វាងស៊ីវិញ រួមមាន អង្ករ ដំឡូងមីស្ងួត ម្សៅដំឡូងមី ផលិតផលកសិកម្ម ឧបករណ៍ទប់ចរន្តអគ្គីសនី ម៉ាស៊ីនត្រង់ស្វូរ ជាដើម។
លោកបន្ថែមថា ក្នុងនាមជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ និងមិត្តភាព ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ជាមួយប្រទេសចិន សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមពិធីសម្ពោធពិព័រណ៍ចិន-អាស៊ានដោយផ្ទាល់បានចំនួន១១លើក ហើយក្នុងអំឡុងពេលកូវីដ-១៩ បានចូលរួមថ្លែងសុន្ទរកថា តាមរយៈការថតវីដេអូទុកចាក់ផ្សាយ ក្នុងពេលសម្ពោធ បានចំនួន៣លើក សរុបបានចំនួន១៩លើក។
លើសពីនេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានត្រៀមលក្ខណៈរួចរាល់ ក្នុងការកៀរគរក្រុមហ៊ុនឯកជន ឱ្យបានច្រើនទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ ឆ្នាំ២០២៣ ខាងមុខនៅទីក្រុងណាននីង ហើយក្នុងអំឡុងពេលពិព័រណ៍ ក្រសួងក៏នឹងមានរៀបចំ វេទិកាធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន ផងដែរ។
លោកប៉ាន សូរស័ក្តិ បានស្នើសុំដល់ភាគីមិត្តចិនផ្តល់ការគាំទ្រ និងជួយជំរុញឱ្យពាណិជ្ជករ សមាគមអាជីវកម្មចិន នៅខេត្តក្វាងស៊ី ចូលរួមក្នុងវេទិកាខាងលើឱ្យបានច្រើន ដើម្បីទទួលបានព័ត៌មានថ្មីៗស្តីពីកាលានុវត្តភាពនៃការធ្វើជំនួញនៅកម្ពុជា។
លោកបញ្ជាក់ថា តាមរយៈចំណងមិត្តភាពនេះភាគីទាំងពីរ កម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយចាប់តាំងពីឆ្នាំ២០១០ កន្លងមក ហើយកម្ពុជាបានគាំទ្រចំពោះគំនិតផ្តួចផ្តើម បង្កើតផ្លូវសូត្រខ្សែក្រវាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ របស់រដ្ឋាភិបាលចិន តាំងពីឆ្នាំ២០១៦ កន្លងមក។
តាមរយៈគោលនយោបាយនេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានធ្វើកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រួមគ្នាលើវិស័យសំខាន់ៗជាច្រើន ដូចជា វិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ពាណិជ្ជកម្ម ការកសាងធនធានមនុស្ស ការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ និងការការពារបរិស្ថាន ហើយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២១ កន្លងទៅ រដ្ឋាភិបាលនៃប្រទេសទាំង២ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេរភាគីកម្ពុជា-ចិន ដែលតាមការរំពឹងទុក កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ នឹងជួយជំរុញទំហំពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរ ឱ្យកាន់តែរីកចម្រើនមួយកម្រិតថែមទៀត៕