ដោយ: គង់ លាងហួរ
ភ្នំពេញ: ចំនួនអ្នកវិនិយោគចិននៅកម្ពុជា ឬបង្ហាញចំណាប់អារម្មណ៍នៅកម្ពុជាបានកើនឡើងជាលំដាប់ ខណៈកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី (FTA) ជាមួយប្រទេសចិន និងជាមួយប្រទេសដទៃទៀត។
ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី២៤ ខែមេសា លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) មានមតិថា ការពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និងចិនបានទាក់ទាញចំណាប់អារម្មណ៍អ្នកវិនិយោគ និងភ្ញៀវទេសចរចិនមកកម្ពុជា ហើយបានជំរុញឱ្យមានការធ្វើដំណើរកម្សាន្តជាច្រើនមកកាន់កម្ពុជាផងដែរ។
លោកបានចាត់ទុកការកើនឡើងនៃអ្នកវិនិយោគចិននៅក្នុងប្រទេសកម្ពុជាថា ជំរុញមកពី FTAs ពោលគឺសន្ធិសញ្ញាទ្វេរភាគីជាមួយចិន និងកូរ៉េខាងត្បូង ក៏ដូចជាRCEP រួមជាមួយនឹងការលើកទឹកចិត្ត ដែលផ្តល់ដោយច្បាប់ថ្មីស្តីពីការវិនិយោគ និងពន្ធអនុគ្រោះសម្រាប់ការនាំចេញទៅកាន់សហរដ្ឋអាមេរិកសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស។
-->
លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ទៀតថា “ចំនួនក្រុមហ៊ុន និងសហគ្រាសចិន ដែលចូលមកធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជាបានកើនឡើងជាលំដាប់ ហើយស្ទើរតែគ្រប់វិស័យ” ដោយកត់សម្គាល់ថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីបំពេញបន្ថែមនូវមិត្តភាពដែកថែបរបស់ពួកគេ។
លោកបានចែករំលែកថា “ក្រុមហ៊ុនចិនជាច្រើនកំពុងចាប់ផ្តើមស្វែងរកឱកាសវិនិយោគក្រោយវិបត្តិកូវីដ នៅក្នុងឧស្សាហកម្មកែច្នៃកសិផលកម្ពុជា” ដោយសម្តែងនូវសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូថ្នាក់ដឹកនាំមកពីតំបន់ Guangxi ភាគនិរតីរបស់ប្រទេសចិនកាលពីសប្តាហ៍មុននឹងនាំឱ្យមានការយល់ដឹងកាន់តែច្រើនពីសក្តានុពលវិនិយោគរបស់កម្ពុជាក្នុងចំណោមបណ្តាពាណិជ្ជករចិន។
លោក ហុង វណ្ណៈ នាយកផ្នែកសេដ្ឋកិច្ចអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា “កិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាលទាំងពីរបានចាក់បញ្ចូលនូវភាពភ្លឺស្វាងជាច្រើនដល់សេដ្ឋកិច្ចកម្ពុជា ដែលគាំទ្រដោយការផ្គត់ផ្គង់វត្ថុធាតុដើមដ៏សំខាន់របស់ប្រទេសចិនសម្រាប់ផលិតកម្មកម្ពុជា”។
លោក បាន បន្ត ថា “លក្ខខណ្ឌ នយោបាយ ច្បាប់ វិនិយោគ និង ទីតាំង ភូមិសាស្ត្រ ដ៏ អំណោយផល របស់ កម្ពុជា បាន ទាក់ទាញ ចំណាប់អារម្មណ៍ អ្នក វិនិយោគ ចិន យ៉ាងច្រើន សន្ធឹកសន្ធាប់”។
លោក ហុង វណ្ណៈ បានបន្ថែមថា វិនិយោគិនចិនគឺជាអ្នករួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ដោយព្យាករណ៍ថា ចំនួនវិនិយោគិនចិននឹងកើនឡើងសម្រាប់អនាគតដ៏ខ្លីខាងមុខ។
លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលកម្ពុជា ក្នុងរយៈពេល១០.០១១ថ្ងៃ ចាប់ពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ១៩៩៤ នៃច្បាប់ចាស់ស្តីពីការវិនិយោគ និងថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ មានចំនួន១៦៨,៨ពាន់ពាន់លានរៀល (៤១ពាន់លានដុល្លារ) កើនឡើង១១,២ភាគរយ ពីជិត១៥២ពាន់ពាន់លានរៀលដែលបានកត់ត្រានៅចុងឆ្នាំ២០២០។
យោងតាមស្ថិតិគយ (GDCE) បង្ហាញថា ចិនដីគោកបានក្លាយជាដៃគូពាណិជ្ជកម្មទំនិញធំជាងគេរបស់កម្ពុជាម្តងទៀតក្នុងឆ្នាំ២០២២ ជាមួយនឹងទំហំទឹកប្រាក់សរុបពេញមួយឆ្នាំចំនួន១១,៦៨៦ពាន់លានដុល្លារ កើនឡើង៤,៣៩ភាគរយធៀបនឹងឆ្នាំ២០២១ និងតំណាងឱ្យ២២,២៩១ភាគរយនៃតម្លៃទំនិញអន្តរជាតិសរុបចំនួន៥២,៤២៥ពាន់លានដុល្លាររបស់កម្ពុជា។
ប្រទេសចិនដីគោកគឺជាអ្នកនាំចេញដ៏ធំបំផុតទៅកាន់ប្រទេសកម្ពុជាកាលពីឆ្នាំមុនជាមួយនឹងចំណែក៣៤,៨៩ភាគរយក្នុងតម្លៃទឹកប្រាក់១០,៤៤៦ពាន់លានដុល្លារ កើនឡើង៧,៨៦ភាគរយធៀបនឹងឆ្នាំ២០២១។
យោងតាមតួលេខរបស់គយ GDCE បង្ហាញថា ឱនភាពពាណិជ្ជកម្មរបស់កម្ពុជាជាមួយចិនដីគោកបានកើនឡើង១២,៦១ភាគរយ ពី៨,១៧៤ពាន់លានដុល្លារក្នុងឆ្នាំ២០២១រហូតដល់៩,២០៥ពាន់លានដុល្លារក្នុងឆ្នាំ២០២២។
នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មទំនិញទ្វេរភាគីបានឈានដល់២,៨៦២ពាន់លានដុល្លារ ធ្លាក់ចុះ០,៣៨ភាគរយលើមូលដ្ឋានប្រចាំឆ្នាំ។
ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិន និងនាំចូលពីប្រទេសចិនមកវិញមានចំនួន៣២៨,៦៤លានដុល្លារ និង២,៥៣ពាន់លានដុល្លារ ពោលគឺកើនឡើង២,១៣ភាគរយ ប៉ុន្តែធ្លាក់ចុះ០,៧ភាគរយរៀងៗគ្នា៕
