ដោយៈ វឌ្ឍនៈ
ព្រះសីហនុៈ បន្ទាប់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តឱ្យក្រុមហ៊ុនមួយ បង្កើតរោងចក្រផលិតសំបកកង់ឡាន នៅក្នុងប្រទេសកម្ពុជាពោលក្នុងខេត្តព្រះសីហនុ រោងចក្រនេះបានសម្រុកសាងសង់រហូតដល់រួចរាល់ស្ទើរទាំងស្រុង និងអាចបង្កើតការងារជូនពលរដ្ឋជាច្រើនផងដែរ។
យោងតាមប្រសាសន៍លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី ២៦ មេសា ២០២៣ឱ្យដឹងថា បើមិនមានអ្វីប្រែប្រួលទេ រោងចក្រកង់ឡាននៅក្នុងខេត្តព្រះសីហនុតម្លៃ៣០០លានដុល្លារនេះ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ ខែឧសភា២០២៣ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ។
-->
លោកបន្តថា រោងចក្រផលិតសំបកកង់ឡាននេះ ជាក្រុមហ៊ុនថ្មីតែមានការបោះទុនធំ រហូតដល់៣០០លានដុល្លារ ដែលអាចបង្កើតការងារបន្ថែមក្នុងរង្វង់១៥០០ ទៅ១៩០០នាក់ ។ រោងចក្រផលិតកង់ឡាននេះដែរ ក៏ជាចំណែកមួយ ក្នុងការជំរុញវិស័យឧស្សាហកម្មក្នុងខេត្តព្រះសីហនុបានមួយកម្រិតទៀតផងដែរ។
លោកបន្ថែមថា ចាប់តាំងពីក្រោយវិបត្តិកូវីដ១៩ ខេត្តព្រះសីហនុចាប់ផ្ដើមទទួលបានវិនិយោគិន ចូលមកបណ្ដាក់ទុនវិនិយោគឡើងវិញជាបន្តបន្ទាប់ ទាំងវិនិយោគិនចាស់ៗ និងវិនិយោគិនថ្មីៗ ដែលធ្វើឱ្យខេត្តព្រះសីហនុ បង្កើតឱកាសការងារបានច្រើន ក្នុងនោះដែរក៏មានកំលាំងពលកម្មពីបរទេស ចូលមកធ្វើការនៅក្នុងខេត្តព្រះសីហនុកាន់តែច្រើនផងដែរ ។
ទាក់ទិននឹងរោងចក្រផលិតសំបកកង់ឡាន នៅក្នុងខេត្តព្រះសីហនុ លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា នៅពេលរោងចក្រនេះដំណើរការ តម្រូវការកៅស៊ូសម្រាប់ប្រើប្រាស់ ក្នុងខ្សែចង្វាក់ផលិតកម្មនឹងកើនឡើង ហើយវានឹងជួយរក្សាតម្លៃកៅស៊ូយើងឱ្យនៅមានស្ថិរភាព ឬក៏អាចមានការកើនឡើងផង នៅពេលរោងចក្រផលិតបានកាន់តែច្រើន ឬក៏អាចនិយាយថានៅពេលផលិតផលសំបកកង់ឡាននេះ មានតម្រូវការលើទីផ្សារអន្តរជិតកាន់តែខ្ពស់៕
