គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ សៀមរាប គ្រោងបញ្ចប់ការសិក្សានៅខែក្រោយនេះ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ការសិក្សាគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿន ភ្នំពេញ សៀមរាប គ្រោងបញ្ចប់នៅខែឧសភា ឆ្នាំ ២០២៣នេះ ហើយក៏មានពន្លឺកាន់តែច្បាស់ អំពីគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿនមួយនេះ ។

នេះបើតាមការឲ្យដឹងពីលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានថ្លែងក្នុងសន្និសីទស្ដីពីការលើកកម្ពស់ការតភ្ជាប់ ការដឹកជញ្ជូនក្នុងតំបន់ សម្រាប់អាស៊ីកណ្ដា​ល និងអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី២៨ មេសា ២០២៣ ។

លោកស៊ុន ចាន់ថុលបានមានប្រសាសន៍ថា កម្ពុជា បាននិងកំពុងអភិវឌ្ឍន៍ ផ្លូវល្បឿនលឿនជាបន្តបន្ទាប់។ ជាក់ស្ដែង ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ បានសាងសង់ និងបានដាក់ដំណើរការហើយ ហើយផ្លូវល្បឿនលឿនទី២ ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត គ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី៧ មិថុនាឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ។

លោកស៊ុន ចាន់ថុល បន្ថែមថា ជាមួយគ្នានេះ យើងក៏បានសិក្សា ផ្លូវរថភ្លើង ដែលបច្ចុប្បន្នមានល្បឿនយឺត ឱ្យទៅជាផ្លូវរថយន្តភ្លើងមានល្បឿនលឿនពីភ្នំពេញ ទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយពីភ្នំពេញទៅកំពង់ផែ ស្វយ័តខេត្តព្រះសីហនុ ជាមួយគ្នានឹងការសិក្សាគម្រោងដឹកជញ្ជូន តាមផ្លូវទឹកពីទន្លេបាសាក់ ទៅកាន់សមុទ្រនៅខេត្តកែប ក៏បានបញ្ចប់ផងដែរ។

លោកបញ្ជាក់ថា នៅមានគម្រោងជាច្រើនទៀត ទាំង តូច ទាំងធំ ក្នុងនោះ ក៏មានគម្រោងផ្លូវល្បឿនលឿនទី៣ សៀមរាប ភ្នំពេញ ហើយក៏អាចមានផ្លូវល្បឿនលឿនទី៤ ទី៥ ទី៦ ជាបន្តទៀត ។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ សៀមរាប នឹងត្រូវចាប់ផ្ដើមពីរាជធានីភ្នំពេញ កាត់តាមខេត្តកណ្ដាល កំពង់ចាម ខេត្តកំពង់ធំ និងខេត្តសៀមរាប ។ គម្រោងផ្លូវនេះដែរ នឹងជំរុញឱ្យសៀមរាបមានសក្ដានុពលមួយកមម្រិតទៀត ស្របនឹងព្រលានយន្តហោះអន្តរជាតិថ្មី នៅខេត្តសៀមរាប ក៏គ្រោងនឹងដំណើរការហោះហើរ សាកល្បងនៅពេលឆាប់ៗនេះផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here