សម្តេចតេជោនឹងអញ្ជើញបើកការដ្ឋានសាងសង់ចំណតកំពង់ផែកុងទីន័រតម្លៃពាន់លានដុល្លារអាមេរិក

0

ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានឹងអញ្ជើញអបអរសាទរ ខួបអនុស្សាវរីយ៍ទិវាពលកម្មអន្តរជាតិ១ឧសភា និងចូលរួមក្នុងពិធីបើកការដ្ឋាន សាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន។

សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្អន្តរជាតិ១ឧសភា ,ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុនិងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ។

ថ្ងៃទី១ឧសភា គឺជាថ្ងៃនៃទិវាពលកម្មអន្តរជាតិ ដែលជាទិវាប្រវត្តិ​សាស្រ្តរបស់ពិភពលោក ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានកំណត់ និងប្រារព្ធទិវាពលកម្មអន្តរជាតិនេះ ជារៀងរាល់ឆ្នាំផងដែរ ចាប់តាំងពីកម្ពុជាបានរស់រានឡើងវិញ ពីរបបប្រល័យពូជសាសន៍ក្រោយថ្ងៃរំដោះ ៧-មករា-១៩៧៩។

ជាមួយគ្នានោះ រាជរដ្ឋាភិបាលតែងតែគិតគូរ ក្នុងការបន្តលើកកម្ពស់ការការពារសិទ្ធិ សេរីភាពអង្គការវិជ្ជាជីវៈ ថែរក្សាសុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ ផ្ដល់អត្ថប្រយោជន៍នានា និងកិច្ចគាំពារសង្គម ជូនបងប្អូនកម្មករនិយោជិត ស្របតាមគោលនយោបាយ ច្បាប់ស្ដីពីការងារ និងអនុសញ្ញាអន្តរជាតិខាងការងារ។ ទាំងអស់នេះ សបញ្ជាក់ឱ្យឃើញ អំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ចំពោះកម្មករ និយោជិត និងអង្គការសហជីពទាំងអស់ ដែលមានវត្ត​មាននៅកម្ពុជា។

ពិធីប្រកាសបើកការដ្ឋានសាងសង់ ចំណតផែកុងតឺន័រថ្មី គឺជាការអភិវឌ្ឍបន្ថែមទៀត ដើម្បីពង្រីកសមត្ថភាព របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងឆ្លើយតប ទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនាពេលបច្ចុប្បន្ន និងពេលអនាគត ដែលរួមមាន

-ចំណតផែច្រាំងទំនិញទូទៅ មានប្រវែង២៥៣ម៉ែត្រ នឹងត្រូវសាងសង់កែសម្រួលជាចំណតផែថ្មី ដោយនឹងបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើបរួមមាន គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែ ប្រភេទQC (០២គ្រឿង) និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលាន ប្រភេទRTG (០៦គ្រឿង) ដែលនឹងជួយបង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមប្រមាណ ៣៥% (២៥០.០០០TEUs/១ឆ្នាំ)។

គម្រោងនេះ នឹងប្រើប្រាស់រយៈពេលសាងសង់ ចំនួន១៨ខែ ហើយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៤។

-ចំណតផែកុងតឺន័រថ្មី-ជំហានទី១ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក១៤,៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យ នាវាកុងតឺន័រមានទម្ងន់ផ្ទុក៦០.០០០DWT(ឬស្មើនឹង៤.០០០TEUs) ដែលមានផ្លូវដឹក​​ជញ្ជូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែ បន្ថែមប្រមាណ ៤៥០.០០០TEUs/១ឆ្នាំ។

គម្រោងនេះនឹងប្រើប្រាស់ រយៈពេលសាងសង់ចំនួន ៣៦ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦។

-ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២ មានប្រវែង៤០០ម៉ែត្រ ជម្រៅទឹក១៦,៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក១២០.០០០DWT (ឬស្មើនឹង១០.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូន នៅក្នុងតំបន់សមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ៥៧០.០០០TEUs/១ឆ្នាំ។ គម្រោងនេះនឹងប្រើប្រាស់រយៈពេល សាងសង់ចំនួន៣៦ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨។

-ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី៣ មានប្រវែង៤៣០ម៉ែត្រ ជម្រៅទឹក១៧,៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក១៦០.០០០ DWT (ឬស្មើនឹង១៥.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប និងអាមេរិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ៦១៧.០០០ TEUs/១ឆ្នាំ។

គម្រោងនេះ នឹងប្រើប្រាស់រយៈពេលសាងសង់៤២ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៩។

គម្រោងកែសម្រួលចំណតផែកុងតឺន័រ ពីផែច្រាំងទំនិញទូទៅ និងគម្រោងសាងសង់ ចំណតផែកុងតឺន័រថ្មី ជំហានទី១ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន TOA Corporation និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធ​ ក្រុមហ៊ុនNippon Koei & Original Consultant Global JV។ ចំពោះចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ និងជំហានទី៣ គឺកំពុងស្ថិតនៅក្នុងដំណើរការនៃនីតិវិធីលទ្ធកម្មជ្រើសរើស ក្រុមហ៊ុនម៉ៅការសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស។

គម្រោងទាំងនេះ នឹងប្រើប្រាស់ថវិកាសរុបប្រមាណ៩៧៣លានដុល្លារអាមេរិក ក្នុងនោះ ឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុនចំនួនប្រមាណ៧៦០លានដុល្លារអាមេរិក ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ពន្ធអាករផ្សេងៗចំនួនប្រមាណ១៩២លានដុល្លារអាមេរិក, និងថវិកាផ្ទាល់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនប្រមាណ២១លានដុល្លារអាមេរិក។

គំរោងនេះ ត្រូវបានបែងចែកសម្រាប់ គម្រោងសាងសង់រួមមាន៖ ចំណតផែច្រាំងទំនិញទូទៅ ចំណាយថវិកាប្រមាណ៣២លានដុល្លារអាមេរិក, ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ចំណាយថវិកាប្រមាណ២៤៣លានដុល្លារអាមេរិក និងចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២ និងជំហានទី៣ ចំណាយថវិកាប្រមាណ៦៩៨លានដុល្លារអាមេរិក។

ទាក់ទងទៅនឹងទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន អបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន (១៩៥៣-២០២៣)” ដែលតាមរយៈទំនាក់ទំនងការទូត និងមិត្តភាពដ៏រឹងមាំនេះ បានជំរុញ និងប្រែក្លាយចំណងការទូតរវាងប្រទេសទាំងពីរទៅជា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោ​យ” នៅក្នុងឆ្នាំ២០២៣នេះ ដែលនឹងផ្តល់នូវផ្លែផ្កាដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងច្រើនដល់ ប្រជាជននៃប្រទេសទាំងពីរ។

ការអភិវឌ្ឍរីកចម្រើនទាំងហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តពាសពេញផ្ទៃប្រទេស រួមទាំងការរីកចម្រើន របស់វិស័យកំពង់ផែផងដែរ គឺកើតឡើងដោយសារកម្ពុជា មានសុខសន្តិភាពពេញលេញ និងស្ថិរភាព នយោបាយដ៏ពិតប្រាកដ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែង និងលះបង់អស់កម្លាំងកាយកម្លាំងចិត្ត និងបញ្ញាញាណ ក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា៕

   

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

LEAVE A REPLY

Please enter your comment!
Please enter your name here