ក្រុមហ៊ុនកូរ៉េធំមួយបង្ហាញពីផែនការវិនិយោគនៅកម្ពុជាលើមជ្ឈមណ្ឌលស្រាវជ្រាវ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុនធំមួយរបស់​កូរ៉េYURA Harness (Cambodi​a) Co., Ltd បានបង្ហាញ​ចំណាប់​អារ​ម្ម​​ណ៍​នៃ​ការវិនិយោគ​នៅ​កម្ពុជា និង​គម្រោង​បង្កើត​មជ្ឈមណ្ឌល​​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ស្របពេល​​សេដ្ឋកិច្ចកម្ពុជា​កំពុងមានកំណើនល្អប្រសើរ​។

លោក Ohm Dae Yoel អគ្គនាយក​ក្រុមហ៊ុន YURA Harness (Cambodia) Co., Ltd​បានថ្លែងក្នុងជំនួបពិភាក្សា​រវាង​លោកទេសរដ្ឋមន្រ្តីចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រ​​សួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍កាលពីសប្តាហ៍មុន។

​លោក Ohm Dae Yoel បាន​លើកឡើងថា ដោយ​មើល​​ឃើញ​ពី​ភាពអំណោយ​ផល ​នៃ​សក្តា​​នុព​ល​សេដ្ឋកិច្ច ធនធាន និង​ទឹកចិត្ត​ការ​ងារ​របស់​ប្រជាជន​កម្ពុជា ក្រុមហ៊ុន​របស់លោក​បាន​សម្រេចចិត្ត​បង្កើត​រោង​​ចក្រ​ផលិត​គ្រឿង​បង្គុំ ​ផ្នែក​ខ្សែ​អគ្គិសនី​រថយន្ត​នៅ​កម្ពុជា ដែលមាន​ទីតាំងនៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ គឺជា​សាខា​រោងចក្រ​ទី​១ នៅ​កម្ពុជា​ ក្នុង​ចំណោម​រោងចក្រ​ទាំង៧១ របស់YURA Group ជុំវិញ​ពិភពលោក​។​

ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យា​សា​​ស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លោក ចម ប្រសិទ្ធ បាន​លើកឡើងថា ឧស្សាហ​​កម្ម​ផលិត​គ្រឿង​បង្គុំ​រថយន្ត ជា​វិស័យ​ដែលមាន​សារ​:​សំខាន់​ នៅក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ហើយ​វា​ក៏​កំពុង​ត្រូវបាន​រាជរដ្ឋាភិបាល​លើកទឹកចិត្ត​ឱ្យ​វិនិយោគ​ផងដែរ​។

លោកបន្តថា “​ផែនការ​របស់​ក្រុមហ៊ុន ​បង្កើត​មជ្ឈមណ្ឌល​ស្រា​វ​ជ្រាវ និង​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​កម្ពុជា គឺ​លោក​សូម​គាំទ្រ​ពេញទំហឹង ព្រោះនេះ​ជា​យន្តការ​សហការ​ដ៏​ល្អ​ ជាមួយ​រដ្ឋា​ភិ​​បាល​ដែល​កំពុងដំណើរការ​ឆ្លង​អនុក្រឹត្យ​ស្តីពី ​ការស្រាវជ្រាវ និង​អភិវឌ្ឍ​ន៍នេះ​”។​

លោក Ohm Dae Yoel បច្ចុប្បន្ន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ក្រុមហ៊ុន YURA Group មាន​រោងចក្រ​ចំនួន១៤ គឺ​នៅ​ប្រទេស​វៀតណាម ចំនួន១២ ឥណ្ឌូនេស៊ីចំនួន១ និង​នៅ​កម្ពុជា១​។ ផែនការ​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ គឺ​ដើម្បី​ចូលរួមចំណែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ​ក្នុងការ​អភិវឌ្ឍ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា ដោយ​ប្រើ​ធនធាន​និស្សិត​កម្ពុជា ដែល​ត្រូវបាន​ចាត់ជា​ធនធាន ​មាន​សក្តានុពល​។​

លោក​ប្រាប់ថា​ ចំពោះមុខ​នេះ ក្រុម​​ហ៊ុន​ក៏មាន​តម្រូវការ​ធនធានមនុស្ស​នៅ​កម្ពុជា​ផ្នែក​វិស្វកម្ម ដើម្បី​បំពេញតម្រូវការ ​ក្នុង​រោងចក្រ​ផងដែរ​»​។

យោងតាមឯកសារ​ក្រសួង​ពាណិជ្ជ​​កម្មបានឱ្យដឹងថា ​វិនិយោគិន​កូរ៉េ​ស្ថិតនៅ​លំដាប់​ទី​៣ ដោយមាន​ចំនួន២៨៣,៥​ លា​ដុល្លារ ឬ​ស្មើនឹង៨,៨​ភាគរយកាលពីឆ្នាំ២០២១​។

​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​​កូរ៉េ នៅក្នុង​ឆ្នាំ​២០២២ មាន​ទឹកប្រាក់​សរុប៧៧៨,៩២៤​លាន​ដុល្លារ កើនឡើង០,៦​ ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០២១​៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

LEAVE A REPLY

Please enter your comment!
Please enter your name here