ដោយៈ ជេស៊ីកា
ភ្នំពេញៈ ក្រុមមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូននិងថ្នាក់ដឹកនាំក្រុមហ៊ុនចិន បានជួបប្រជុំគ្នាជាថ្មីដើម្បីពិភាក្សាលើលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពបន្ថែម នៃគម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើតរាជធានីភ្នំពេញ។
ថ្នាក់ដឹកនាំក្រុមហ៊ុនសំណង់សៀងហៃ ដែលទទួលបន្ទុកសិក្សាលើគំរោងនេះ បានលើកយកមកធ្វើបទបង្ហាញ ជូនថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យពិភាក្សា។
កិច្ចប្រជុំនេះដឹកនាំដោយ លោកលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុនសំណង់សៀងហៃ (Shanghai Construction Group Co,.Ltd.) ដើម្បី ពិភាក្សាលើលទ្ធផល នៃការសិក្សាសមិទ្ធិលទ្ធភាព បន្ថែមផ្នែកបច្ចេកទេសលើគម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើត ដោយមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។
-->
កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណង ដើម្បីពិនិត្យពិភាក្សា និងផ្តល់យោបល់ដល់ក្រុមការងារ បច្ចេកទេសរបស់ក្រុមហ៊ុនសំណង់សៀងហៃ ក៏ដូចជាដើម្បីប្រមូលធាតុចូល មតិយោបល់ល្អៗបន្ថែមទៀតពីក្រុមការងារជំនាញ បច្ចេកទេសពាក់ព័ន្ធទាំងអស់ សំដៅធ្វើយ៉ាងណាឱ្យការសិក្សាផ្នែកបច្ចេកទេស នៃគម្រោងនេះមានលក្ខណៈកាន់តែល្អប្រសើរ បន្ថែមទៅលើការសិក្សា ដែលធ្លាប់បានធ្វើកន្លងមក។
យោងតាមលទ្ធផលនៃការសិក្សា សមិទ្ធិលទ្ធភាពបន្ថែមរបស់ក្រុមហ៊ុនសំណង់សៀងហៃ គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើតនេះ មានប្រវែងប្រមាណ៣៣,៤៦ គីឡូម៉ែត្រ សាងសង់ជាផ្លូវ៤គន្លង (ពីរគន្លងទៅ ពីរគន្លងមក) ចាប់ពីមហាវិថីឈ្នះឈ្នះ (ចំណុចប្រសព្វផ្លូវជាតិលេខ៦) រហូតដល់ចំណុចប្រសព្វផ្លូវលេខ៧០បេ។
ផ្លូវនេះនឹងត្រូវសាងសង់ ស្ពានឆ្លងទន្លេមេគង្គចំនួនបី ដោយឆ្លងកាត់កោះចំនួនពីរ គឺកោះដាច់ និងកោះតាង៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!