ដោយៈ អូហ្វីណា
ភ្នំពេញៈ លោកបណ្ឌិត អ៊ុក ភ័ក្ត្រាអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំប្រតិភូខេត្តកោះកុង អញ្ជើញចូលរួមទស្សនកិច្ចសិក្សា និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើវិស័យវិនិយោគ នៅទីក្រុងសាន់យ៉ា និងទីក្រុងហៃខូវខេត្តហៃណាំ នៃសាធារណរដ្ឋប្រជាមានិតចិន។ទស្សនកិច្ចនៅទីក្រុងសាន់យ៉ា និងទីក្រុងហៃខូវ ខេត្តហៃណាំ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២-៤ ខែឧសភា ឆ្នាំ២០២៣ ដោយបានជួបសំដែងការគួរសម ជាមួយអគ្គកុងស៊ុលប្រចាំក្រុងហៃខូវ នៃខេត្តហៃណាំ ប្រទេសចិន និងបានជួបអ្នកវិនិយោគចិន ខេត្តហៃណាំ មួយចំនួនផងដែរ។
តាមរយៈទស្សនកិច្ចសិក្សា និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនេះ លោកបណ្ឌិត អ៊ុក ភ័ក្ត្រា ប្រធានប្រតិភូខេត្តមានប្រសាសន៍ថាខេត្តហៃណាំ នៃប្រទេសចិន ជាខេត្តមានសក្តានុពលលើវិស័យកសិកម្ម និងជាខេត្តតំបន់សមុទ្រ មានអាកាសធាតុស្រដៀងគ្នា និងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈការអញ្ជើញមក ស្ថានអគ្គកុងស៊ុលប្រចាំក្រុងហៃខូវ លោកអគ្គកុងស៊ុលកម្ពុជា ក៏បានស្នើរដ្ឋបាលខេត្តកោះកុង រៀបចំឯកសារស្នើសូម ដើម្បីចងសម្ព័ន្ធមេត្រីភាព រវាងខេត្តកោះកុង នៃប្រទេសកម្ពុជា និងខេត្តហៃណាំ នៃសាធារណៈរដ្ឋប្រជាមានិតចិន នាពេលឆាប់ៗខាងមុខនេះ៕






