សុខុម
រវ៉ាន់ដា: ប្រទេសរវ៉ាន់ដា បានចាប់ផ្ដើមសាងសង់ហើយនូវអាកាសយានដ្ឋាន តម្លៃ២ពាន់លានដុល្លារអាមេរិក ស្ថិតនៅចម្ងាយប្រមាណ៤០គីឡូម៉ែត្រនាភាគខាងត្បូង នៃរដ្ឋធានីគីហ្គាលី (Kigali) របស់រវ៉ាន់ដា។ បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍នេះ ចង់ឱ្យគម្រោងអាកាសយានដ្ឋាននេះក្លាយជាគ្រាប់ពេជ្រ លើកមុខមាត់ឧស្សាហកម្មអាកាសចរណ៍ប្រចាំទ្វីបអាហ្វ្រិក។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃសុក្រ ទី៥ ខែឧសភា។
ដោយការសាងសង់គ្រោងនឹងបញ្ចប់ ជាស្ថាពរនៅឆ្នាំ២០២៦ អាកាសយានដ្ឋានថ្មីនេះ នឹងមានស្ថានីយចំណតធំមួយ នៅលើផ្ទៃដី១៣០.០០០ម៉ែត្រការ៉េ ដែលអាចទទួលអ្នកដំណើរបាន៨លាននាក់ក្នុងមួយឆ្នាំ ជាតួលេខមួយដែលគេរំពឹងថា នឹងកើនឡើងរហូតដល់ជាង១៤លាននាក់នៅក្នុងទសវត្សរ៍បន្ទាប់។
នៅជាប់គ្នានឹងស្ថានីយចំណតធំនេះ នឹងក្លាយជាចំណតដឹកទំនិញមួយ ដែលអាចទទួលទំនិញបាន១៥០.០០០តោន ក្នុងមួយឆ្នាំ។
គម្រោងអាកាសយានដ្ឋាននេះ ត្រូវបានសាងសង់លើអាកាសយានដ្ឋានចាស់ គឺអាកាសយានដ្ឋាន Kigali International Airport ដែលនឹងនៅតែដំណើរការ សម្រាប់ជើងហោះហើរពិសេស និងសម្រាប់សាលាបណ្តុះបណ្តាលអ្នកបើកយន្តហោះ។
នៅមុនពេលផ្ទុះវិបត្តិកូវីដ-១៩ អាកាសយានដ្ឋាននេះទទួលបានអ្នកដំណើរប្រមាណជិត១លាននាក់ក្នុងមួយឆ្នាំ ប៉ុន្តែដោយសារតែវាមានភូមិសាស្ត្រស្ថិត នៅក្នុងទីតាំងមិនអំណោយផល ចាំបាច់ត្រូវតែធ្វើការពង្រីកវាឱ្យកាន់តែធំទូលាយ និងនិងកាន់តែប្រសើរឡើង៕ CNN៕






