ដោយ: គង់ លាងហួរ
ភ្នំពេញ: កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកែលម្អបណ្តាញបញ្ជូនអគ្គិសនីនឹងត្រូវការថវិកាជិត១,៨ពាន់លានដុល្លារ នេះបើយោងតាមផែនការអភិវឌ្ឍន៍ថាមពល (PDP) ឆ្នាំ២០២២-២០៤០ ដែលបានចេញផ្សាយនាពេលថ្មីៗនេះ។
ក្នុងចំណោមនោះ ថវិកាចំនួន៨១៦លានដុល្លារត្រូវបានប្តេជ្ញាជាគម្រោងអាទិភាពសម្រាប់ការអភិវឌ្ឍនៅឆ្នាំ២០២៥ ខណៈដែលប្រទេសនេះត្រូវការទឹកប្រាក់ចំនួន៩៨០លានដុល្លារទៀតសម្រាប់ការអភិវឌ្ឍបណ្តាញបញ្ជូនតង់ស្យុងខ្ពស់ (HV) ជាពិសេសសម្រាប់ការដំឡើងខ្សែ២៣០kV និង៥០០kV។
ផែនការ PDP របស់កម្ពុជាឆ្នាំ២០២២-២០៤០ ដែលត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្ហាញពីផែនការអភិវឌ្ឍន៍ការបញ្ជូន ដែលមានសុវត្ថិភាព និងអាចទុកចិត្តបាន និងផ្តល់នូវយុទ្ធសាស្ត្រសន្សំសំចៃសម្រាប់ការពង្រីកបណ្តាញ HV ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការដែលបានព្យាករណ៍។
PDP ក៏ស្នើផែនការអភិវឌ្ឍន៍ការចែកចាយថាមពល ដែលរួមមានការអភិវឌ្ឍន៍ខ្សែបញ្ជូនរង និងបណ្តាញចែកចាយ។ ចាប់ពីឆ្នាំ២០២២ ការអភិវឌ្ឍន៍ខ្សែបញ្ជូនរងគឺជាបន្ទុករបស់អគ្គិសនីកម្ពុជា EDC ចំណែកការអភិវឌ្ឍន៍ខ្សែចែកចាយជាបន្ទុករបស់អ្នកទទួលបានអាជ្ញាប័ណ្ណអគ្គិសនីនៅទីតាំងនីមួយៗ ដែលជា EDC ឬអាជ្ញាបណ្ណឯកជន។
ធាតុផ្សំនៃផែនការ PDP នេះក៏បានកំណត់នូវយុទ្ធសាស្ត្រសំខាន់ៗក្នុងការផ្គត់ផ្គង់ថាមពលដល់តំបន់ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ផងដែរ។ ជាក់ស្តែង បណ្តាញអគ្គិសនីដែលមានស្រាប់បានជួយឱ្យប្រទេសកម្ពុជាសម្រេចបាននូវអត្រាទទួលបានអគ្គិសនីប្រើប្រាស់នៅតាមភូមិចំនួន៩៨,២៧ភាគរយនៅឆ្នាំ២០២២។






