ដោយវុត្ថា
ភ្នំពេញៈ ប្រព័ន្ធ VAT Refund គឺជាប្រព័ន្ធស្វ័យប្រវត្តិកម្មមួយ ដែលបង្កើតឡើងក្នុងគោលបំណងដើម្បីជួយសម្រួលដល់អ្នកជាប់ពន្ធ ដែលបានចុះបញ្ជីតាមរបបស្វ័យប្រកាស ស្របតាមច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា អាចចូលទៅបំពេញព័ត៌មានទិន្ន័យរបស់វិក្ក័យបត្រ(ទិញ ឬលក់) និងចំនួនទឹកប្រាក់ទៅតាមទម្រង់ស្នើរសុំបង្វិលសងប្រាក់អាករលើតម្លៃបន្ថែម តាមរយៈប្រព័ន្ធអេឡិកត្រូនិក បានគ្រប់ទីកន្លែង និងពេលវេលា។
ប្រព័ន្ធនេះ នឹងផ្តល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធ ក្នុងការបញ្ចូលទឹកប្រាក់ដែលត្រូវស្នើសុំ បញ្ចូលព័ត៌មានមួយចំនួនពាន់ព័ន្ធនឹងការស្នើសុំ ដែលតម្រូវដោយរដ្ឋបាលសារពើពន្ធ បោះពុម្ភពាក្យស្នើសុំចេញពីប្រពន្ធ ដែលមានបារកូដសម្គាល់ និងតាមដានពីទឹកប្រាក់ដែលខ្លួនបានស្នើសុំពីមុនមក។
ប្រព័ន្ធនេះ ក៏បានជួយផងដែរដល់មន្ត្រីពន្ធដារ ដូចជា ទទួល និងតាមដានការដាក់ពាក្យស្នើសុំរបស់អ្នកជាប់ពន្ធតាមរយៈលេខកូដ មិនចាំបាច់បញ្ចូលទឹកប្រាក់តាមវិក្ក័យបត្រនីមួយៗម្តងទៀត ផ្ទៀងផ្ទាត់ចំនួនទឹកប្រាក់ជាមួយនឹងវិក្ក័យបត្រជាក់ស្តែង ដោយងារយស្រួល គ្រប់គ្រងពីចំនួនខែយ៉ាងងាយស្រួល ទៅលើក្រុមហ៊ុនដែលស្នើសុំ និងគ្រប់គ្រងលើភាពមិនប្រក្រតីនៃការស្នើសុំរបស់អ្នកជាប់ពន្ធ៕