ដោយ: គង់ លាងហួរ
ភ្នំពេញ: កំពង់ផែអន្តរជាតិតារាសាគរ ដែលស្ថិតនៅក្នុងស្រុកគិរីសាគរ ខេត្តកោះកុង គ្រោងនឹងបើកដំណើរនាពេលឆាប់ខាងមុខនេះ ខណៈបច្ចុប្បន្នរដ្ឋបាលខេត្តកោះកុង និងក្រុមហ៊ុន កំពុងធ្វើការពន្លឿនលើនិតិវិធីមួយចំនួន ដើម្បីធានាប្រសិទ្ធភាព និងភាពងាយស្រួលដល់កិច្ចដំណើរការរបស់កំពង់ផែតារាសាគរកម្ពុជា។
នេះបើយោងតាមកិច្ចប្រជុំរដ្ឋបាលខេត្តកោះកុង ជាមួយក្រុមអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ស្ដីពីការបើកដាក់ឱ្យដំណើរការកំពង់ផែតារាសាគរកម្ពុជា លក្ខណៈអន្តរជាតិ។
យោងតាមកិច្ចប្រជុំស្តីពី ការដាក់ឱ្យដំណើរការកំពង់ផែខាងលើ ដែលរៀបចំឡើងនាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង បានគាំទ្រដល់កិច្ចដំណើរការរបស់កំពង់ផែតារាសាគរកម្ពុជា។
-->
យោងតាមកិច្ចប្រជុំដដែលបានឱ្យដឹងបន្តថា រដ្ឋបាលខេត្តនឹងស្នើសូមគោលការណ៍ពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងស្ថាប័នពាក់ព័ន្ធចូលរួមពិនិត្យ និងវាយតម្លៃទីតាំងកំពង់ផែខាងលើនេះ។
ចំណែករដ្ឋបាលខេត្ត នឹងបន្តសហការជាមួយក្រុមហ៊ុន ដើម្បីពិនិត្យនីតិវិធីក្នុងការដាក់ដំណើរការ កំពង់ផែឱ្យស្របតាមច្បាប់វិនិយោគរបស់ប្រទេសកម្ពុជា និងបន្តសហការជាមួយក្រុមហ៊ុន ដើម្បីរៀបចំសំណើទៅក្រសួងពាក់ព័ន្ធ និងទីស្តីការគណៈរដ្ឋមន្រ្តី។
ទោះជាយ៉ាងណាក្តី បើយោងតាមរដ្ឋបាលខេត្តកោះកុង បានអះអាងដែរថា ដើម្បីមានមូលដ្ឋានច្បាស់លាស់ ក្នុងការរាយការណ៍ជូនដល់លោកស្រីអភិបាលខេត្ត រដ្ឋបាលខេត្តនឹងរៀបចំកំណត់ហេតុលម្អិតនៃកិច្ចប្រជុំពិភាក្សាក្នុងថ្ងៃនេះ។

ក្រោយពិភាក្សាស្រាវជ្រាវស្របតាមផ្លូវច្បាប់ បទដ្ឋានបច្ចេកទេស និងស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលរួចមក រដ្ឋបាលខេត្តកោះកុងនឹងរៀបចំលិខិតគាំទ្រ ដើម្បីបើកដំណើរការជាផ្លូវការនូវកំពង់ផែអន្តរជាតិមួយនេះ៕