គម្រោងដំណាក់កាលទី២នៃការសាងសង់រោងចក្រផលិតទឹកស្អាតធំបំផុតនៅបាក់ខែងសម្រេចបាន ៧០ភាគរយហើយ

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: គិតរហូតមកទល់នឹងពេលនេះរោងចក្រផលិតទឹកស្អាតដ៏ធំនៅបាក់ខែង បានបញ្ចប់ការសាងសង់ក្នុងដំណាក់កាលទី១ចំនួន១០០%ហើយ ខណៈដំណាក់កាលទី២ ទើបសម្រេចបាន៧០%ផងដែរ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបញ្ចប់ការងារសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ ដែលមានសមត្ថភាពផលិតទឹក១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ បានរួចរាល់ហើយ និងបានដាក់ដំណើរការសាកល្បងផលិត និងចែកចាយទឹកស្អាតចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣កន្លងមក។

នៅក្នុងដំណាក់កាលទី១ នេះនឹងអាចផ្គត់ផ្គង់ទឹកស្អាតបានចំនួន៧ខណ្ឌ នៅជាយរាជធានីភ្នំពេញ រួមមាន ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ ផ្នែកខ្លះនៃខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ ខណ្ឌកំបូល២ ខណ្ឌព្រែកព្នៅ និងក្រុងតាខ្មៅ។

ចំណែកគម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី២ ដែលមានសមត្ថភាពផលិត១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ បច្ចុប្បន្ននេះ សម្រេចការសាងសង់បានជាង៧០%ហើយ និងគ្រោងដាក់ដំណើរការនាដើមឆ្នាំ២០២៤ខាងមុខ។

យោងតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា គម្រោងសាងសង់រោងចក្រផលិតកម្មទឹកស្អាតបាក់ខែង (ជំហានទី១ និងជំហានទី២) ដែលមានសមត្ថភាពផលិតទឹក៣៩០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ បានកំណត់នៅក្នុងផែនការពង្រីកសមត្ថភាពប្រព័ន្ធផលិតកម្មឆ្នាំ២០១៨-២០២៥ របស់រដ្ឋាករទឹកស្វ័តក្រុងភ្នំពេញ និងជាគម្រោងធំជាងគេជាប្រវត្តិសាស្ត្រក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរបស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here